រដ្ឋ ពង្រឹងយន្តការគ្រប់គ្រងក្រុមហ៊ុនផ្តល់សេវាកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថលលើការដឹកជញ្ជូនផ្លូវគោក

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយស្ថាប័នជំនាញ ដើម្បីបើកកិច្ចប្រជុំពិភាក្សារួមគ្នា សំដៅឈានទៅពង្រឹងយន្តការគ្រប់គ្រងក្រុមហ៊ុនផ្តល់សេវាកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូនផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ខប្រជុំនេះ បានកាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងតំណាងក្រុមហ៊ុនផ្តល់សេវាកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់មធ្យោបាយដឹកជញ្ជូន។

ជារួមនៅក្នុងកិច្ចប្រជុំខាងលើនេះដែរ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមផ្តល់មតិយោបល់ និងចែករំលែកបញ្ហាប្រឈមក្នុងការអនុវត្តជាក់ស្តែង។

ជាមួយគ្នានេះ លោកស្រី បានមានប្រសាសន៍បន្ថែមថា មតិយោបល់ និងធាតុចូលដែលទទួលបានពីកិច្ចប្រជុំនេះនឹងក្លាយជាធាតុចូលសំខាន់សម្រាប់ក្រសួងបន្តសិក្សា និងរៀបចំយន្តការគ្រប់គ្រងឱ្យបានច្បាស់លាស់ ស្របតាមបទប្បញ្ញត្តិជាធរមាន និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃវិស័យទាំងមូល ដើម្បីលើកកម្ពស់គុណភាពសេវា ការប្រកួតប្រជែងដោយស្មើភាព ការការពារសុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់របស់អ្នកដំណើរ អ្នកបើកបរ និងក្រុមហ៊ុន។

សូមជម្រាបដែរថា បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សាអំពីស្ថានភាពប្រតិបត្តិការបច្ចុប្បន្ន និងយន្តការពង្រឹងការគ្រប់គ្រងវិស័យនេះឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លាភាព។ អង្គប្រជុំក៏បានស្តាប់មតិយោបល់ បញ្ហាប្រឈម និងកង្វល់របស់ក្រុមហ៊ុន ព្រមទាំងពិភាក្សាស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហាដែលបានលើកឡើងដោយក្រុមហ៊ុនពាក់ព័ន្ធ៕ អត្ថបទ៖ហ្សាលីន