រាជរដ្ឋាភិបាល តាមរយៈអន្តរក្រសួង-ស្ថាប័ន បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យពិភាក្សាលើការស្នើសុំកិច្ចគាំទ្រជាពិសេស សម្រាប់គម្រោងវិនិយោគការពង្រីកគម្រោងវិនិយោគបច្ចេកវិទ្យាស្នូលរបស់ក្រុមហ៊ុនអន្តរជាតិ ក្នុងវិស័យកម្មន្តសាលបច្ចេកវិទ្យា។

កិច្ចប្រជុំនេះ ធ្វើឡើងកាលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ដឹកនាំដោយលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន មានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងឧស្សាហកម្ម, ក្រសួងរ៉ែ និង ថាមពល, អាជ្ញារធរអគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនទៀត។

នាឱកាសនោះ លោក ហ៊ាន សាហ៊ីប បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាបរិយាកាសវិនិយោគ និង បន្តគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន រហូតឱ្យឈានទៅសម្រេចការពង្រីកទុនវិនិយោគបន្ថែមរបស់ក្រុមហ៊ុន ។ ការណ៍នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីទំនុកចិត្តដ៏មុតមាំរបស់ក្រុមហ៊ុននេះ មកលើស្ថិរភាពនយោបាយ និង ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា ។

អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគថ្មីនេះ ដែលត្រូវបានចាត់ទុកជា «បច្ចេកវិទ្យាស្នូល (Core Technology)» និង ជាការបោះជំហានជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ។ គម្រោងនេះ នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតំបន់, ការបង្កើតការងារជំនាញរាប់ពាន់កន្លែង, ការផ្ទេរបច្ចេកវិទ្យាទំនើប និង ការធ្វើសមាហរណកម្មខ្សែច្រវាក់ផលិតកម្មរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់តម្លៃសកល (Global Value Chain) ឱ្យកាន់តែមានភាពប្រកួតប្រជែងនៅក្នុងតំបន់។
v
ជារួមតំណាងអន្តរក្រសួង-ស្ថាប័ន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ន សំដៅធានាថាការស្រូបយកខ្សែច្រវាក់ផលិតកម្មបច្ចេកវិទ្យាទំនើបពីក្រុមហ៊ុនអន្តរជាតិ អាចប្រព្រឹត្តទៅដោយរលូន ដែលនឹងក្លាយជាចលករក្នុងការជំរុញឱ្យកម្ពុជាអាចធ្វើសមាហរណកម្មកាន់តែប្រសើរ ទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និង សកល សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និង សេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ហ្សាលីន

