រដ្ឋមន្រ្តីក្រសួង៤ បង្ហាញរូបភាពប្រកៀកដៃគ្នាចុះពិនិត្យ និងសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងចំនួន៤ ដែលមានភារកិច្ចសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍ប្រពន្ធ័ធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ បានបង្ហាញរូបភាពកៀកដៃគ្នាយ៉ាងរឹងម៉ាំក្នុងឱកាសចុះពិនិត្យ និងសង្គ្រោះ ក្នុងគ្រាទឹកជំនន់នៅ គម្រោងអភិវឌ្ឍន៍ប្រពន្ធ័ធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់ នៅក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រូបភាពប្រកៀកដៃគ្នាជាជំហរដ៏រឹងម៉ាំនេះ ក្នុងដំណើរអមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសសម្តេចត្រួតពិនិត្យផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់​ នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងនោះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន , លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , រួមជាមួយ លោក ឆាយ រិទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានរួមគ្នាក្នុងកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់​នេះផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែកញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះពិនិត្យស្ថានភាពទឹកជន់លិចនៅតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យផ្ទាល់។ ដោយសម្តេចលើកឡើងថា ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល។

គួរឱ្យដឹងថា នាពេលកន្លងមក អាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ក៏បានរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងខេត្តទាំងពីរ ក៏ដូចជានៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ បានរហ័សទាន់ពេលវេលា ទៅកាន់ទីទួលសុវត្ថិភាពផងដែរ៕