ស្រុក ៤ នៅ​​ខេត្ត​ត្បូងឃ្មុំ​សំបូរ​ចម្ការ​ទុរ៉េន

សង្គម​និង​សេដ្ឋកិច្ច

តាមតួលេខ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា នៅទូទាំងខេត្តត្បូងឃ្មុំមានផ្ទៃដី​ដាំដុះទុរ៉េនសរុបចំនួន ៦១០ហ.ត។ ស្រុក​ចំនួន ៤ ដែល​​មាន​ផ្ទៃដី​ដាំដុះទុរ៉េនច្រើន​ជាង​គេ​​​ក្នុង​នោះ​មានស្រុកមេម៉ត់ ពញាក្រែក តំបែរ និងស្រុកអូររាំងឪ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅ​ស្រុកតំបែរ មានកសិករចំនួន ១៦គ្រួសារ មាន​ផ្ទៃដី​ដាំដុះទុរ៉េន​សរុប ១០៦ហ.ត ហើយទើបតែប្រមូលផលបានប្រមាណ ១៥ហ.ត ប៉ុណ្ណោះ ហើយ​នឹង​ប្រមូល​ផល​ជាបន្តបន្ទាប់នៅពេលខាងមុខ។

បើ​តាម​កសិករ​លោកសុខ ឡេង ដែលដាំដុះទុរ៉េន​លើ​ផ្ទៃ​ដីជាង ២០ ហិកតា នៅ​ស្រុក​តំបែរ​បាន​ឲ្យ​ដឹង​ថា ដាំណាំទុរ៉េនមានទីផ្សារល្អ ទាំងក្នុងតំបន់ និងនាំទៅទីផ្សាររាជធានីភ្នំពេញ ដែលអាច​លក់ក្នុងតម្លែ ២០០០០រៀល/គ.ក្រ។

អតីត​មន្រ្តី​រាជការ​ដែល​បាន​ចូលនិវត្ត​បានដាំទុរ៉េនមករយៈពេល ២៣ឆ្នាំមក ដោយចាប់ផ្តើមដាំលើផ្ទៃដី ៣ហ.ត និង​បាន​ពង្រីករហូតបាន ២០ហ.ត។ បច្ចុប្បន្ន ផ្ទៃដីប្រមូលផលបានចំនួន ១៣ហ.ត ដោយទទួលបានទិន្នផលចំនួន ១០០តោន។

ផ្លែទុរ៉េនមានតម្លៃលើទីផ្សារខ្ពស់ ​មាន​តម្រូវការ​នាំ​​ចេញទៅ​លក់​ទាំងនៅ​ទីផ្សារ​ទក្នុង​ស្រុកនិង​អន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។

ខណៈ​ចុះត្រួតពិនិត្យ​ចំការ​ទុរេននៅ​នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីចុង​សប្តាហ៍​មុន​នេះ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ លោក វេង សាខុន​ បាន​ឲ្យ​ដឹង​ថា ដំណាំទុរ៉េនគឺជាដំណាំដែលមានសក្តានុពលផ្នែកសេដ្ឋកិច្ចដែលទាមទារបច្ចេកទេសដាំ ​និង​កា​រថែទាំង​ដោយ​យកចិត្តទុកដាក់ទើបទទួលបានទិន្នផលខ្ពស់។

លោក​រដ្ឋមន្រ្តី​បានណែនាំ​ឲ្យ​ម្ចាស់ចម្ការត្រូវចងក្រងជា​សហគមន៍ ងាយស្រួលចរចាតម្លៃ​ជាមួយ​ដៃគូ ហើយ​អាចទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងលទ្ធភាពទទួលបានឥណទានពីប្រភពផ្សេងៗជាដើម។

លោក​រដ្ឋមន្រ្តី​ក៏ជំរុញ​​​ឲ្យ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ជួយរៀបចំសម្របសម្រួល​ធ្វើ​យ៉ាងណា​ពន្លឿន​ការ​ចងក្រង​សហគមន៍​​កសិករ​ដាំដុះទុរ៉េន​​ ឲ្យ​បាន​កាន់​តែ​ឆាប់ដែល​អាចធ្វើទៅបាន។ ​ជាមួយគ្នា​នេះ ​ត្រូវ​សហការជាមួយក្រុមហ៊ុននាំចេញស្វាយ ឬចែកអំបូងលឿង ដើម្បីស្វែងយល់បន្ថែមអំពីលទ្ធភាពនាំចេញទុរ៉េន កម្ពុជាទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី។

លោក​រដ្ឋមន្រ្តី​ក៏​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋានកសិកម្មត្រូវធ្វើ បច្ចុប្បន្នភាពផ្ទៃដីដាំដុះទុរ៉េន និងទិន្នផលនៅទូទាំងប្រទេស ព្រមជាមួយគ្នាក៏ត្រូវយកចិត្តទុកដាក់ សិក្សាស្រាវជ្រាវអំពីបច្ចេកទេសដាំដុះ ជំងឺ សត្វល្អិត និងបច្ចេកទេសកែច្នៃ ទុកដាក់សមស្របតាម ស្តង់ដារ CamGAP ជាពិសេសស្តង់ដារទីផ្សារនាំចេញ៕