កម្ពុជា-កូរ៉េ រួមគ្នាលើកកម្ពស់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម កាលថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាជាមួយអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO)នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដើម្បីចុះហត្ថលេខាលើផែនការសកម្មភាពពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៧ សំដៅរួមគ្នាលើកកម្ពស់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៨ ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ-អាស៊ាន “The 8th ROK-ASEAN Heads of IP Office Meeting“ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចជំនួបពិភាក្សាការងារ ធ្វើឡើងក្នុងគោលបំណងដើម្បី ពិភាក្សាលើផែនការសកម្មភាពដែលបានលើកឡើងដោយ ភាគី KIPO ដើម្បីអនុវត្តរួមគ្នាជាមួយក្រសួងពាណិជ្ជកម្មនិងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ លើកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ នីតិវិធី និងឧត្តមានុវត្តន៍ថ្មី, ការបណ្តុះបណ្តាលកម្មសិទ្ធិបញ្ញា, កិច្ចការពារកម្មសិទ្ធិបញ្ញា, ប្រកាសនីយបត្រតក្កកម្មនិងគំនូរឧស្សាហកម្ម, ម៉ាកពាណិជ្ជកម្ម, ការលើកកម្ពស់ការយល់ដឹងពីកម្មសិទ្ធិបញ្ញា, និង ការលើកកម្ពស់ផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ កម្ពុជានិងការកសាងកេរ្តិ៍ឈ្មោះម៉ាក។ល។

សូមជម្រាបថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ ពោលចាប់ពីខែមករា រហូតដល់ខែមិថុនា ទំហំពាណិជ្ជកម្មកម្ពុជាជាមួយទីផ្សារអន្តរជាតិមានជាង៣០ពាន់លានដុល្លារ មានការកើនឡើងជាង១៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។នេះយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីពេលថ្មីនេះ។

របាយការណ៍នេះបន្តថា ការនាំចេញចូលទំនិញរបស់កម្ពុជារយៈពេល៦ខែ ឆ្នាំ២០២៥នេះ សម្រេចបានទំហំទឹកប្រាក់ ៣០,៥ពាន់លានដុល្លារ កើនឡើង១៧,២%។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រចបានជាង ១៤.២៩ពាន់លានដុល្លារ កើនឡើង១៦.២% រីឯការនាំចូលទំនិញមកវិញមានតម្លៃ ១៦.២៧ពាន់លានដុល្លារ កើនឡើង១៨%៕ អត្ថបទ៖ហ្សាលីន