សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើរកឃើញកងកម្លាំងពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយប្រសិនបើរកឃើញថាកងកម្លាំងណាមានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ សម្តេចធិបតី មានប្រសាសន៍ថា «ទិសដៅដែលត្រូវធ្វើគឺត្រូវបន្សុទ្ធ និងបោសសម្អាតគ្រឿងញៀនចេញពីកងកម្លាំងប្រដាប់អាវុធ ព្រោះអ្នកអនុវត្តន៍ច្បាប់ត្រូវតែស្អាតមុនគេ»។

លើសពីនោះ សម្តេចធិបតី ក៏បានបញ្ជាក់ថែមទៀតថា ចំពោះជនបរទេសណាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន អនុវត្ដច្បាប់ហើយ គឺត្រូវបណ្តេញចេញពីប្រទេសតែម្ដង។

គួរបញ្ជាក់ថា លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ ក៏ធ្លាប់បានបញ្ជាក់ថា គ្រប់មន្រ្តីក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ជាពិសេសកងកម្លាំងប្រដាប់អាវុធ បើធ្វើតេស្តរកឃើញមានសារធាតុញឿនមិនអាចអនុញ្ញាតិឲ្យនៅក្នុងក្របខណ្ឌនគរបាលទៀតនោះទេ។ដោយការដាក់ចេញវិធានការក្តៅនេះ ក្នុងគោលដៅយកពេលវេលាដើម្បីសម្អាតផ្ទះខ្លួនឯង៕