មេដឹកនាំកូរ៉េខាងជើង ជិះរថភ្លើងពាសដែក ទៅចូលរួមក្បួនយោធានៅទីក្រុងប៉េកាំង

អន្តរជាតិ

មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរយៈរថភ្លើងពាសដែក ទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្បួនដង្ហែរទិវាជ័យជម្នះ នៅទីក្រុងប៉េកាំង ជាលើកដំបូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម បានចាកចេញពីស្ថានីយ៍ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១ ខែកញ្ញា ដោយធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមពិធីក្បួនព្យុហយាត្រាយោធាអបអរសាទរជ័យជម្នះលើរបបហ្វាស៊ីសនិយម ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ​ ពូទីន និងមេដឹកនាំពិភពលោកចំនួន ២៤ ប្រទេសផ្សេងទៀត។

គួរឲ្យដឹងថា នេះជាលើកដំបូងហើយដែលលោក​ គីម បានចូលរួមនៅក្នុងព្រឹត្តិការណ៍ពហុភាគីដ៏សំខាន់បែបនេះ ពោលគឺចាប់តាំងពីលោកឡើងកាន់អំណាចមក ហើយវាក៏ជាលើកទី១ដែរ ដែលលោក និងមេដឹកនាំរុស្ស៊ី ចិន បានជួបគ្នានៅទីតាំងតែមួយ។

យោងតាម ​​KCNA បានរាយការណ៍ទៀតថា លោក គីម ត្រូវបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់ រួមទាំងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son-hui ផងដែរ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ហាក់នៅមិនបានបញ្ជាក់ពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំរវាងមេដឹកនាំទាំងបីនៅក្រៅព្រឹត្តិការណ៍នេះ នៅឡើយនោះទេ៕