សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុន AI Mansour Asia ដែលជាក្រុមហ៊ុនវិនិយោគធំមួយរបស់ប្រទេសកាតា ឱ្យពិនិត្យលទ្ធភាពវិនិយោគលើការកែច្នែស្បៀង និងវត្ថុធាតុដើមកសិកម្មនៅកម្ពុជា។

សម្តេចតេជោ លើកឡើងបែបនេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចតេជោ ជាមួយលោក Fahd Al Dosari ប្រធានផ្នែកទំនាក់ទំនង និងជាទីប្រឹក្សាពិសេសនៃ Sheikh Mansour bin Jabor Al Thani និង គណៈប្រតិភូ នៃក្រុមហ៊ុន AI Mansour Asia កាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ។
នាឱកាសនោះ សម្ដេចតេជោ បានស្វាគមន៍គណៈប្រតិភូនៃក្រុមហ៊ុន AI Mansour Asia ក្នុងដំណើរទស្សនកិច្ចស្វែងរកឱកាសវិនិយោគនៅកម្ពុជានាពេលនេះ ខណៈសម្តេចតេជោ ក៏បានផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពវិនិយោគលើការកែច្នែស្បៀង និងវត្ថុធាតុដើមកសិកម្មនៅកម្ពុជា។
ដោយសម្តេចតេជោ បានបន្តចង្អុលបង្ហាញអំពីកាលានុវត្តភាពសម្រាប់ការកែច្នៃស្រូវ ក្នុងខណៈដែលកម្ពុជា ជាប្រទេសមានអទិរេកស្រូវ ស្របពេលដែលកាតា គឺជាប្រទេសត្រូវការស្បៀង។ សម្តេចតេជោ បានបន្តថា តាមរយៈការរៀបចំប្រមូលទិញ ស្តុក និងបង្កើតម៉ាស៊ីនកិនស្រូវនេះ កម្ពុជា-កាតា អាចពង្រីកការផ្គត់ផ្គង់ស្បៀងទៅកាន់ប្រទេសនានានៅមជ្ឈឹមបូព៌ាដែលត្រូវការស្បៀងផងដែរ។

បន្ទាប់ពីបានស្តាប់ប្រសាសន៍ សម្តេចតេជោ លោក Fahd AI Dosari បានសម្តែងនូវអំណរអរគុណ ចំពោះសម្តេចតេជោ ដែលបានផ្តល់កិត្តិយសឱ្យគណៈប្រតិភូនៃក្រុមហ៊ុន ចូលជួប។ លោកបន្តថា តាងនាមឱ្យ គ្រួសាររាជវង្សនៃកាតា និងក្រុមហ៊ុន AI Mansour Asia នឹងបន្តពង្រឹងទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរបន្ថែមទៀត ជាពិសេសលើការវិនិយោគក្នុងវិស័យសាធារណៈ និងឯកជន។
បន្ថែមពីនេះ លោក ក៏បានបង្ហាញការចាប់អារម្មណ៍លើវិស័យកសិកម្ម កម្មន្តសាល ក៏ដូចជាគម្រោងហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ ដូចជា សណ្ឋាគារ ការអភិវឌ្ឍកោះ ទីកន្លែងកំសាន្ត និងព្រលានយន្តហោះផងដែរ។ លោក បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនរបស់លោក មើលឃើញយ៉ាងច្បាស់អំពីសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពរបស់កម្ពុជា ដូច្នេះហើយទើប ក្រុមហ៊ុនចាប់ផ្តើមការវិនិយោគនៅអាស៊ីអាគ្នេយ៍ដោយផ្តើមចេញពីការវិនិយោគនៅកម្ពុជា។
សូមជម្រាបថា តាមរយៈជំនួបខាងលើនេះដែរ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូក្រុមហ៊ុន AI Mansour Asia ចំពោះការទុកចិត្ត និងមើលឃើញសន្តិភាព និងស្ថិរភាពនៅកម្ពុជា និងគម្រោងវិនិយោគទាំងអស់ រួមទាំង វិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ៕ អត្ថបទ៖ហ្សាលីន

