៣០ឆ្នាំមានយានយន្តជាង ៦លានគ្រឿងបានចុះបញ្ជី ខណៈរដ្ឋជំរុញការបង្ខិតសេវាសាធារណៈឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋ

សង្គម​និង​សេដ្ឋកិច្ច

ចាប់តាំងពីឆ្នាំ ១៩៩០ មកដល់ឆ្នាំ២០២១នេះ យានយន្តដែលបានចុះបញ្ជីនៅទូទាំងប្រទេសមានចំនួនជាង ៦លាន គ្រឿង។ ជាមួយគ្នានេះ ក្រសួងសាធារណការក៏បានរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក (Online) ចាប់តាំងពីឆ្នាំ២០១៦មក ដើម្បីអនុញ្ញាតឱ្យហាងចុះបញ្ជីឱ្យស្របនឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងនោះ ហាងលក់យានយន្តសរុបមានចំនួន ១៥៧ហាង បានភ្ជាប់ប្រព័ន្ធជាមួយប្រព័ន្ធរបស់អគ្គនាយកដ្ឋានគយ និងពន្ធដារ។ នេះបើតាមរបាយការណ៍ពីក្រសួងសាធារណៈការ និងដឹកជញ្ជូន ពេលថ្មីៗនេះ។

ដោយឡែក ទាក់ទងនឹងការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ក្រសួងបានរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលអាចឱ្យប្រជាពលរដ្ឋដាក់ពាក្យស្នើសុំណាត់ពេល យករថយន្តមកឆៀកបានមុន ដោយបានរៀបចំប្រព័ន្ធ បញ្ជូនព័ត៌មានតាមទូរស័ព្ទដៃដល់ម្ចាស់យាន ដែលជិតហួសសុពលភាពឆៀក មានមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅទូទាំងប្រទេសប្រទេសចំនួន ២០ កន្លែង ក្នុងនោះនៅរាជធានី ភ្នំពេញចំនួន ៧ កន្លែង និងមានឆៀកចល័តចំនួន៤គ្រឿង។

បន្ថែមលើនេះ ក្រសួងសាធារណការ ក៏បានជំរុញការបង្ខិតសេវាសាធារណៈឱ្យកាន់តែកៀកនឹងបងប្អូនប្រជាពលរដ្ឋ ក្រសួងបានរៀបចំ មណ្ឌលផ្តល់សេវាសាធារណៈចំនួន៥កន្លែង៖ អ៊ីអន១ អ៊ីអន២ ជីបម៉ុងណូរ៉ូម៉ល ទីស្តីការក្រសួង ហេរីថេក វ៉ក និងគ្រោងពង្រីកបន្ថែមទៀត។

លើកឡើងនៅក្នុងកម្មវិធីវឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន ក្រោមប្រធានបទ៖ “ការផ្ដល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក” កាលពីថ្ងៃទី២២ ខែធ្នូនេះ លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និង ដឹកជញ្ជូន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឪ្យយកយានយន្តរបស់ខ្លួនទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់ ចៀសវាងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

លោកបន្ថែមទៀតថា ត្រូវតែបើកបរយានយន្តឱ្យស្របទៅតាមប្រភេទបណ្ណបើកបរ ប្តូរបណ្ណបើកបរពេលផុតសុពលភាព មានឯកសារលិខិតបទដ្ឋានគតិយុត្តិដែលច្បាប់តម្រូវ និងយកភ្ជាប់ជាមួយរថយន្តគ្រប់ពេលធ្វើចរាចរណ៍ ជាពិសេសពេលមកទទួលសេវានៅមណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួង ក៍ដូចជាស្ថាប័នថ្នាក់ក្រោមជាតិ ចៀសវាងការប្រើប្រាស់សេវាក្រៅផ្លូវការដែលនាំឱ្យខាតបង់ទាំងថវិកា និងពេលវេលាផងដែរ៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព