ក្រុមហ៊ុន វេសឡាញ អេឌូខេសិន គ្រុប (WEG) របស់ឧកញ៉ា ប៉ិច បូឡែន និងវិទ្យាស្ថាន SIM Global Education បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកឱកាសសិក្សា និងអាហារូបករណ៍អន្តរជាតិ ជូនដល់សិស្សានុសិស្សនៃបណ្តាញសាលារៀន វេសឡាញ។

ក្រុមហ៊ុន វេសឡាញ អេឌូខេសិន គ្រុប បានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ សិស្សឆ្នើមរបស់បណ្ដាញសាលារៀន វេសឡាញ នឹងមានឱកាសដាក់ពាក្យស្នើសុំអាហារូបករណ៍ពី SIM ព្រមទាំងទទួលបានការប្រឹក្សាយោបល់អំពីការបន្តការសិក្សា និងសិក្ខាសាលាប្រចាំឆ្នាំដោយឥតគិតថ្លៃ។ បន្ថែមពីនេះ ភាគីទាំងពីរក៏នឹងសហការលើការបណ្តុះបណ្តាលបុគ្គលិក កម្មវិធីទស្សនកិច្ចសិក្សានៅបរទេស កម្មសិក្សា (Internship) និងសកម្មភាពសង្គម (CSR) ផងដែរ។
កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានមួយទៀតក្នុងការបើកទ្វារឱកាសអប់រំកម្រិតសកល និងជួយពង្រឹងសមត្ថភាពសិស្សានុសិស្សានុសិស្ស ឱ្យត្រៀមខ្លួនកាន់តែប្រសើរសម្រាប់ការសិក្សា និងអនាគតរបស់ពួកគេ។
សូមជម្រាបថា ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (Westline Education Group – WEG) គឺជាបណ្តាញគ្រឹះស្ថានអប់រំមួយនៅកម្ពុជា ដែលបានបង្កើតឡើងដោយឧកញ៉ា ប៉ិច បូឡែន នៅឆ្នាំ២០០៨។ គិតត្រឹមឆ្នាំ២០២៦ ក្រុមហ៊ុននេះមានអាយុកាល ១៨ឆ្នាំ ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស៕







