ប្រធានក្រុមប្រឹក្សាក្រុងផ្យង់ថេករបស់ប្រទេសកូរ៉េ បានបង្ហាញពីបំណងចង់បង្កើតឱកាសចាប់ដៃគូអាជីវកម្ម និងបង្កើតកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយកម្ពុជា ខណៈស្ថាប័ននេះ ក៏បានបញ្ជាក់ពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចផងដែរ។

នេះបើយោងតាមជំនួបពិភាក្សាកាលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ រវាងលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជាមួយលោក Choi Jae-young ប្រធានក្រុមប្រឹក្សាក្រុងផ្យង់ថេក នៅទីស្នាក់ការក្រុមប្រឹក្សាក្រុងផ្យង់ថេក ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនៃជំនួប លោកឯកអគ្គរាជទូត បានជម្រាបជូនលោក Choi អំពីស្ថានភាពរស់នៅរបស់បងប្អូនសហគមន៍ខ្មែរ ក្នុងតំបន់ផ្យង់ថេក។ ឯកឧត្តមបានជម្រាបលោក Choi ថា លោកបានសម្លឹងឃើញពីល្បឿននៃការអភិវឌ្ឍរបស់ក្រុងផ្យង់ថេក និងបំណងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ ពាណិជ្ជកម្ម និងអប់រំ រវាងស្ថាប័នរដ្ឋ និងឯកជននៃក្រុង-ខេត្ត របស់កម្ពុជា និងទីក្រុងផ្យង់ថេក។
លោក ក៏បានស្នើលោក Choi ពិនិត្យលទ្ធភាពដឹកនាំក្រុមហ៊ុនកូរ៉េរបស់ក្រុងផ្យង់ថេកទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបង្កើតឱកាសឱ្យក្រុមហ៊ុននៃប្រទេសទាំងពីរចាប់ដៃគូអាជីវកម្ម និងបង្កើតកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយគ្នា។

លោក Choi បានជម្រាបលោក អគ្គរាជទូត ថា ប្រទេសកម្ពុជា និងកូរ៉េ មានលក្ខណៈ ស្រដៀងគ្នាដែលអាចបំពេញតម្រូវការឲ្យគ្នាទៅវិញទៅមកបាន លោកបានបញ្ជាក់ថា ទីក្រុងផ្យង់ថេក ជាទីក្រុងដែលមានសេដ្ឋកិច្ចធ្លាប់ពឹងផ្អែកលើវិស័យកសិកម្ម ប៉ុន្តែឥឡូវទីក្រុងនេះ បានផ្លាស់ប្តូរមកជាទីក្រុងឧស្សាហកម្មវិញ ដែលការណ៍នេះបានធ្វើឱ្យសេដ្ឋកិច្ចនៃក្រុងផ្យង់ថេក មានការរីកចំរើនគួរឱ្យកត់សម្គាល់។
សូមជម្រាបដែរថា តាមរយៈជំនួបនោះដែរ លោកក៏បានសង្កត់ធ្ងន់ថា ក្នុងអាណត្តិរបស់លោក លោកនឹងព្យាយាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងអប់រំ ដើម្បីបង្កើតបាននូវការអភិវឌ្ឍរួមរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត៕ អត្ថបទ៖ហ្សាលីន



