CEO ម្នាក់ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ក្រោយជិះម៉ូតូទឹកលេងលើផ្លូវកំពុងលិចកណ្តាលទីក្រុងបាងកក

អន្តរជាតិ

នាយកប្រតិបត្តិនៃក្រុមហ៊ុនកម្សាន្តថៃមួយរូប ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ បន្ទាប់ពីវីដេអូមួយកំពុងផ្ទុះល្បី ដែលបង្ហាញពីសកម្មភាព CEO រូបនេះជិះម៉ូតូទឹកលេងនៅលើផ្លូវសាធារណៈក្នុងក្រុងបាងកក កំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង និងការលិចលង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thaiger។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៧ ខែកញ្ញា អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ឈ្មោះ Sorn Keadsiri បានបង្ហោះវីដេអូលើ Facebook បង្ហាញពីសកម្មភាពខ្លួនឯងជិះម៉ូតូទឹកក្នុងល្បឿនយ៉ាងលឿននៅលើផ្លូវ New Phetchaburi ដែលកំពុងលិចលង់ដោយសារជនន់ទឹកភ្លៀង។

សកម្មភាពនោះ បានធ្វើឲ្យអ្នកដំណើរ និងសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចនៅតំបន់ បានទទួលរងផលប៉ះពាល់ពីរលកទឹកដែលបង្កើតឡើងដោយម៉ូតូទឹកនោះ។ សារព័ត៌មានជាច្រើនបានរាយការណ៍ថា រលកទឹកក៏បានធ្វើឱ្យខូចខាតរបងផ្ទះប្រជាពលរដ្ឋនៅតាមសងខាងផ្លូវផងដែរ។

យ៉ាងណាមិញ វីដេអូនោះបានរងការរះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមថៃ ជាពិសេសពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងបាងកកដែលកំពុងរងទុក្ខវេទនាដោយសារទឹកជំនន់។ ក្រោយមកអធិការដ្ឋាននគរបាល Makkasan ក្នុងខណ្ឌ Ratchathewi បានថ្លែងថា ពួកបានពិភាក្សាអំពីលទ្ធភាពនៃការចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងលោក Sorn និងអ្នកពាក់ព័ន្ធ។ លោក Sorn ត្រូវបានចោទប្រកាន់ពីបទរំខានសណ្តាប់ធ្នាប់សាធារណៈ និងរំខានដល់ការចរាចរណ៍។

នៅថ្ងៃទី២៨ ខែកញ្ញា តុលាការបានសម្រេចផ្ដន្ទាទោសលោក Sorn ឱ្យជាប់ពន្ធនាគាររយៈពេល ១ខែ និងពិន័យជាទឹកប្រាក់ ១០ ០០០បាត (ប្រហែល ៣០០ដុល្លារ)។ ប៉ុន្តែដោយសារតែការចូលសារភាពកំហុស ទោសរបស់លោកត្រូវបានកាត់បន្ថយមកត្រឹម ១៥ថ្ងៃ និងពិន័យជាប្រាក់ ៥ ០០០បាត (ប្រហែល ១៥០ ដុល្លារ) ជំនួសវិញ តុលាការក៏បានរឹបអូសម៉ូតូទឹកនោះផងដែរ៕​