អន្តរក្រសួង រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងអង្គការ សហគមន៍ សមាគម អ្នកប្រមូលទិញ និងកសិករដាំទុរេនជាច្រើនរូប បានបើកកិច្ចពិនិត្យលទ្ធភាពបង្កើតស្ថាប័នតំណាងវិស័យឯកជនថ្នាក់ជាតិមួយ ដើម្បីលើកកម្ពស់វិស័យទុរេនកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។

កិច្ចពិភាក្សានេះ បានធ្វើឡើងកាលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមវត្តមាន លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិគ្រោះយោបល់ និងពិនិត្យលទ្ធភាពបង្កើតស្ថាប័នតំណាងវិស័យឯកជនថ្នាក់ជាតិមួយ សម្រាប់សម្របសម្រួល ប្រមូលផ្តុំ និងតំណាងឱ្យតួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃទុរេន ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍ និងលើកកម្ពស់វិស័យទុរេនកម្ពុជា ទាំងផ្នែកផលិតកម្ម គុណភាព និងស្តង់ដា ការកែច្នៃ ទីផ្សារ និងការនាំចេញ។

សូមជម្រាបដែរថា បើតាមមន្រ្តីក្រសួងកសិកម្មបច្ចុប្បន្ននេះ ផ្ទៃដីដាំទុរេននៅកម្ពុជា មានទំហំ ១៦ ១៩៣ ហិកតា ក្នុងនោះផ្ទៃដីដាំទុរេន ក្នុងខេត្តកំពង់ចាម មានចំនួន ១ ៨៤៩ ហិកតា។ចំណែក ចម្ការទុរេនដែលត្រូវបានចុះបញ្ជីទទួលស្គាល់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការនាំចេញផ្លែទុរេនស្រស់ដោយត្រង់ពីកម្ពុជា ទៅកាន់ទីផ្សារចិន មានចំនួន១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៣០ទីតាំង ប៉ុន្តែក្រុមហ៊ុនខ្លះមិនទាន់អាចបំពេញលក្ខខណ្ឌបាននៅឡើយ ទើបក្រុមហ៊ុនមិនទាន់ហ៊ាននាំចេញ៕ អត្ថបទ៖ហ្សាលីន





