នៅក្នុងបរិបទដែលសង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័ស ប្រទេសជាតិចាំបាច់ត្រូវមានកម្លាំងដែលទទួលបានការហ្វឹកហ្វឺន មានចំណេះដឹង ជំនាញ មានវិន័យ និងសមត្ថភាព ដើម្បីធានាការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រជាជន និងសុខសន្តិភាព។ នេះជាប្រសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការពារជាតិមាតុភូមិមិនមែនជាភារកិច្ចដាច់ដោយឡែករបស់កងទ័ពនោះទេ ប៉ុន្តែវាជាកាតព្វកិច្ចពលរដ្ឋគ្រប់រូប ជាពិសេសស្រទាប់យុវជនដែលជាសសរទ្រូងនៃប្រទេសជាតិ។ ការចូលរួមបំពេញកាតព្វកិច្ចយោធា គឺជាឱកាសដ៏វិសេសវិសាលក្នុងការទទួលបានការបណ្តុះបណ្តាលទាំងកម្លាំងកាយប្រាជ្ញា ស្មារតីស្នេហាជាតិ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗក្នុងវិស័យការពារជាតិ។
ទន្ទឹមនឹងការវិវត្តជឿនលឿននៃសកលលោក វិស័យការពារជាតិកម្ពុជាក៏ត្រូវការជាចាំបាច់នូវធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ដើម្បីដើរឱ្យទាន់ការប្រែប្រួល និងឆ្លើយតបបានរាល់ការប៉ុនប៉ងនានាដែលប៉ះពាល់ដល់ស្ថិរភាពសង្គម។
សូមជម្រាបដែរថា ព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ។ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះជាលើកដំបូង គឺសំដៅកសាងកម្លាំងការពារជាតិឱ្យកាន់តែ មានសមត្ថភាព និងវិន័យដែលជាតម្រូវការរបស់ជាតិ។ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជនដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។ សូមបងប្អូនយុវជន តាមដានសេចក្តីជូន ដំណឹងផ្លូវការ ដើម្បីស្វែងយល់អំពីលក្ខខណ្ឌ ឯកសារដែលត្រូវត្រៀម និងជំហានបន្តបន្ទាប់ នៃការដាក់ពាក្យ។


