ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានចេញមុខបដិសេធជុំវិញព័ត៌មានដែលថាអាមេរិកមានបំណងសម្រាលទណ្ឌកម្មចំពោះប្រទេសអ៊ីរ៉ង់ ដោយលោកមិនបានផ្តល់កិច្ចព្រមព្រៀងណាមួយ ដើម្បីឈានដល់ការបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនកាលពីថ្ងៃទី២៩ ខែកញ្ញាថា ៖” រឿងទាំងនេះគឺមិនពិតនោះទេ។ ខ្ញុំមិនបានផ្តល់ជូនសំណើអ្វីមួយទៅកាន់ណពួកគេនោះឡើយ”។
យ៉ាងណាមិញ ជុំវិញការប្រកាសរបស់លោក ត្រាំ បែបនេះ បានកើតឡើងបន្ទាប់ពីបណ្តាញព័ត៌មាន Axios និង CNN ដោយផ្អែកលើការសម្រង់សម្តីរបស់មន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះម្នាក់ បានរាយការណ៍ថា ប្រធានាធិបតីអាមេរិករូបនេះ មានបំណងផ្តល់ការសម្រាលទណ្ឌកម្ម និងដោះលែងថវិការបស់អ៊ីរ៉ង់ដែលត្រូវបានបង្កក ជាផ្នែកមួយនៃកិច្ចព្រមព្រៀងចុងក្រោយ ក្នុងលក្ខខណ្ឌមួយដែលអ៊ិរ៉ង់ត្រូវរំសាយអាវុធនុយក្លេអ៊ែររបស់ពួកគេ។
គួរឲ្យដឹងថា លោក ត្រាំ បានលើកឡើងជាច្រើនដងហើយថា ការរារាំងទីក្រុងតេអេរ៉ង់មិនឱ្យផលិតអាវុធនុយក្លេអ៊ែរ គឺជាគោលដៅចម្បងនៃសង្គ្រាម ព្រមទាំងការបញ្ឈប់សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារលើប្រទេសជិតខាង និងការបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនអ៊ីរ៉ង់ក្នុងការទម្លាក់ថ្នាក់ដឹកនាំរបស់ពួកគេផងដែរ៕

