ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal និងជាម្ចាស់បុរី កៀនស្វាយ ផាក ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកាសរុបប្រមាណ ៥,០០០ដុល្លារអាម៉េរិក ជួយរៀបចំពិធីវត្តកោះកែវ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ និងសម្រាប់ទូកង «ដរាផ្ការីក» ប្រណាំងនៅទីរួមខេត្តកំពង់ចាម។

តាមទំព័រហ្វេសប៊ុក សាលាអនុគណ ស្រុកស្រីសន្ធរ បានឱ្យដឹងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ថានាថ្ងៃទី០១ ខែតុលា លោកឧកញ៉ា នួន រិទ្ធី និងលោកជំទាវ អ៊ាត ណារី (ស្រីស្រស់) ព្រមទាំងបុត្រ លោកឧកញ៉ា សៅ ភក្តី ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភថវិកា៖ ២,០០០ដុល្លារ (ពីរពាន់ដុល្លារ) សម្រាប់តន្ត្រីសម័យប្រគុំកំសាន្តនៅរាត្រីភ្ជុំ និងឆ្លង ថ្ងៃអាទិត្យ ចន្ទ ទី១១-១២ ខែតុលា ឆ្នាំ២០២៦ ព្រមទាំងឧបត្ថម្ភ ៣,០០០ដុល្លារ (បីពាន់ដុល្លារ) សម្រាប់ទូកង «ដរាផ្ការីក» ប្រណាំងនៅទីរួមខេត្តកំពង់ចាម នាថ្ងៃទី២៦ តុលា ឆ្នាំ២០២៦ សរុបចំនួន ៥,០០០ដុល្លារ (ប្រាំពាន់ដុល្លារ)។
«សូមតេជៈនៃគុណព្រះរតនត្រ័យ ព្រមទាំងបារមីវត្តកោះកែវ តាមជួយទ្រទ្រង់ បីបាច់ថែរក្សា លោកឧកញ៉ា និងលោកជំទាវ បុត្រា បុត្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ អាយុវែង ថាមពលមាំមួន សុខចម្រើន កើនសម្បត្តិ ខ្ចាត់ទុក្ខភ័យ ជោគជ័យក្នុងឆាកជីវិតតរៀងទៅ។ សូមអនុមោទនាៗៗ»។ សាលាអនុគណ ស្រុកស្រីសន្ធរ បានផ្ញើសារជូនពរបន្ថែម។
សូមជម្រាបថា ឧកញ៉ា នួន រិទ្ធី គឺជាអគ្គនាយកក្រុមហ៊ុន KFA ដែលជាក្រុមហ៊ុនមួយដ៏លេចធ្លោក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ លោកត្រូវបានគេស្គាល់ថាជាអ្នកជំនួញម្នាក់ដែលតែងតែប្រកាន់ភ្ជាប់នូវទស្សនៈវិជ្ជមាន និងការខិតខំប្រឹងប្រែង។ លោកឧកញ៉ាតែងតែចែករំលែកបទពិសោធន៍ និងគន្លឹះសំខាន់ៗក្នុងការដឹកនាំក្រុមហ៊ុន ជាពិសេសក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច៕





