Apple ដណ្តើមបានចំណែកធំបំផុត នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន ដែលជំរុញដោយត្រកូល iPhone 18 Pro

អន្តរជាតិ

ក្រុមហ៊ុន Apple បានឡើងមកឈរលើកំពូលតារាងនៃការលក់ស្មាតហ្វូនដាច់បំផុត នៅក្នុងប្រទេសចិន បន្ទាប់ពីតម្រូវការយ៉ាងខ្លាំងលើស្រឡាយ iPhone 18 Pro ថ្មីរបស់ខ្លួន ដែលបានជួយឱ្យក្រុមហ៊ុនក្ដោបក្តាប់ទីផ្សារបានរហូតដល់មួយភាគបី ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានឱ្យដឹងថា ក្រុមហ៊ុនយក្សបច្ចេកវិទ្យារបស់អាមេរិកមួយនេះ ដណ្តើមបានចំណែកទីផ្សារលក់ស្មាតហ្វូនច្រើនបំផុត រហូតដល់ទៅ ៣៣% នៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកញ្ញា។

លទ្ធផលនេះបានកើតឡើង ទោះបីជាខ្សែស្រឡាយ iPhone 18 Pro នេះ ត្រូវបានដាក់លក់ផ្លូវការនៅថ្ងៃទី១៨ ខែកញ្ញាក៏ដោយ ដែលនេះមានន័យថាវាមានវត្តមានលើទីផ្សារចិនត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ក្នុងពេលមួយសប្តាហ៍ ហើយក៏ដណ្តើមបានតំណែងកំពូលនេះតែម្តង។ ក្រុមហ៊ុន Counterpoint បានលើកឡើងទៀតថា ការលក់ក្នុងរយៈពេល ៣ថ្ងៃនោះ មានកើនឡើង ១២% បើប្រៀបធៀបទៅនឹងការលក់សប្តាហ៍ដំបូងទាំងមូលនៃស្រឡាយ 17 Pro កាលពីមួយឆ្នាំមុន។

គួរជម្រាបជូនថា ប្រទេសចិន ដែលជាទីផ្សារលក់ទូរស័ព្ទឆ្លាតវៃធំបំផុតនៅលើពិភពលោក បាននិងកំពុងស្ថិតក្រោមសម្ពាធពីតម្រូវការអ្នកប្រើប្រាស់មានការថយចុះ និងតម្លៃគ្រឿងបន្លាស់កើនឡើង ដោយការលក់ប្រចាំសប្តាហ៍បានធ្លាក់ចុះក្នុងកម្រិតពីរខ្ទង់ (double digits) បើប្រៀបធៀបនឹងឆ្នាំមុន គិតចាប់តាំងពីខែកក្កដាមក។ នេះបើយោងតាមរបាយការណ៍បន្ថែមពី Counterpoint៕