ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់ បន្ទាប់ពីមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតជាបន្តបន្ទាប់ទៅលើធនាគារធំៗជាច្រើន ដែលបណ្តាលឲ្យលេចធ្លាយព័ត៌មានរបស់អតិថិជនរាប់ម៉ឺននាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

នៅថ្ងៃទី១ ខែតុលា ធនាគារ Shinhan Bank បានប្រកាសថា ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនប្រមាណ ២៥ ០០០ នាក់ រួមមានឈ្មោះ លេខទូរស័ព្ទ និងប្រាក់ចំណូលប្រចាំឆ្នាំ ត្រូវបានលេចធ្លាយ។
យោងតាមការបញ្ជាក់ពីធនាគារ ភ្នាក់ងារទាក់ទងកម្ចី (Loan brokers) អាចពិនិត្យមើលដំណើរការនៃការដាក់ពាក្យស្នើសុំរបស់ពួកគេតាមរយៈគេហទំព័រលើទូរស័ព្ទដៃផ្ទាល់បាន។ តែទោះជាយ៉ាងណាក៏ដោយ ភាគីខាងក្រៅបានចូលប្រើប្រាស់តំណភ្ជាប់នេះដោយមិនបានឆ្លងកាត់ដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណត្រឹមត្រូវនោះឡើយ។ ប្រភពព័ត៌មានបានចង្អុលបង្ហាញថា ធនាគារ Shinhan Bank ត្រូវរងការវាយប្រហារដោយក្រុមហេគឃ័រ (Hackers) ដែលគេសង្ស័យថាបានប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត (AI)។
ហើយនៅមួយថ្ងៃក្រោយមក ធនាគារ Hana Bank ក៏បានប្រកាសថាប្រព័ន្ធគាំទ្រប្រតិបត្តិការ (ODS) របស់ខ្លួនត្រូវបានគេលួចចូលប្រើប្រាស់ដោយមិនត្រឹមត្រូវ ដែលបណ្តាលឱ្យលេចធ្លាយព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនខ្លួនចំនួន ៨៩ នាក់ រួមមានលេខអត្តសញ្ញាណប័ណ្ណ/សៀវភៅស្នាក់នៅ ឈ្មោះពេញ អាសយដ្ឋាន អ៊ីមែល លេខទូរស័ព្ទ និងកន្លែងធ្វើការ។ តែទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធ ODS នេះដាច់ដោយឡែកពីប្រព័ន្ធ Internet Banking និង Mobile Banking ដូច្នេះព័ត៌មានប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជនមិនត្រូវបានប៉ះពាល់នោះទេ។
ធនាគារ KB Kookmin Bank ក៏បានប្រកាសផងដែរថា ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនចំនួន ១១៩ នាក់ត្រូវបានលេចធ្លាយ បន្ទាប់ពីមានការទម្លុះចូលពីខាងក្រៅ។ ព័ត៌មានដែលបានលេចធ្លាយ រួមមានឈ្មោះពេញ លេខទូរស័ព្ទ អាសយដ្ឋាន និងលេខអត្តសញ្ញាណប័ណ្ណ/សៀវភៅស្នាក់នៅ ខណៈធនាគារ Woori Bank និងធនាគារ Nonghyup Bank ក៏ជាគោលដៅនៃការវាយប្រហារស្រដៀងគ្នានេះដែរ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីការលេចធ្លាយទិន្នន័យផ្ទាល់ខ្លួននោះទេ ដោយសារតែប្រព័ន្ធបានរារាំងការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាតបានដោយជោគជ័យ។
ជម្រាបជូនថា ជុំវិញបញ្ហានេះ កាលពីថ្ងៃទី៤ ខែតុលា ប្រធានាធិបតី លោក Lee បានបញ្ជាឱ្យមានការស៊ើបអង្កេតទូលំទូលាយលើករណីវាយប្រហារជាបន្តបន្ទាប់ដែលបណ្តាលឱ្យលេចធ្លាយព័ត៌មានផ្ទាល់ខ្លួននៅតាមធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ។ ប្រធានាធិបតីរូបនេះក៏បានណែនាំដល់ភ្នាក់ងារពាក់ព័ន្ធឱ្យយកចិត្តទុកដាក់លើបញ្ហានេះឱ្យបានម៉ឺងម៉ាត់ ធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអនុវត្តវិធានការឆ្លើយតបឱ្យបានសមស្របផងដែរ៕

