អង្គការអន្តរជាតិនានា បានធ្វើការវាយតម្លៃដោយភាពជឿជាក់ និងវិជ្ជមានចំពោះដំណើរការសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដោយបានគូសបញ្ជាក់ពីសន្ទុះកំណើនដ៏រឹងមាំរបស់ខ្លួន ជាមួយនឹងប្រាក់ចំណូលសរុបក្នុងស្រុក (GDP) ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១១% នៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សេដ្ឋកិច្ចវៀតណាម បានកើនឡើង ៨,៤% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៦ ដែលលើសពីការព្យាករពីមុន ៧%។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ផលិតផលក្នុងស្រុកសរុប បានកើនឡើង ៨,២% ដោយក្នុងនោះឧស្សាហកម្ម និងវិស័យសំណង់នៅតែជាកត្តាជំរុញកំណើនដ៏សំខាន់ រួមជាមួយនឹងការងើបឡើងវិញនៃសកម្មភាពផលិតកម្ម និងតម្រូវការក្នុងស្រុក។
លោក Standre Bezuidenhout អនុប្រធានផ្នែកការរួមបញ្ចូល និងទិញយក ប្រចាំនៅក្រុមហ៊ុនច្បាប់អន្តរជាតិ DFDL បានមានប្រសាសន៍ថា ប្រទេសវៀតណាម បានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការបំប្លែងការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយ និងខ្សែច្រវាក់ផ្គត់ផ្គង់ ឱ្យទៅជាឱកាសដើម្បីទាក់ទាញការវិនិយោគ។
លោក Standre បានកត់សម្គាល់ទៀតថា ប្រទេសវៀតណាមនៅតែបន្តទាក់ទាញសកម្មភាពផលិតកម្ម ពង្រីកការធ្វើសមាហរណកម្មពាណិជ្ជកម្ម និងពង្រឹងទីតាំងរបស់ខ្លួនជាគោលដៅដ៏គួរឱ្យទុកចិត្តសម្រាប់លំហូរទុនវិនិយោគ។
មិនតែប៉ុណ្ណោះសន្ទុះកំណើននេះ ក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងពាណិជ្ជកម្ម និងការវិនិយោគពីបរទេសផងដែរ។ ការនាំចេញរបស់វៀតណាមបានកើនឡើងដល់ ២៦៦,៥២ប៊ីលានដុល្លារ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ ដែលកើនឡើង ២១% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពេលដែលការវិនិយោគពីបរទេសបានកើនឡើង ៦១% រហូតដល់ ៣៤,៦៥ប៊ីលានដុល្លារ។
ទន្ទឹមនឹងនេះ ធនាគារ Standard Chartered បានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម នឹងកើនឡើង ៩,៥% ក្នុងឆ្នាំ២០២៦ និង ១១% ក្នុងឆ្នាំ២០២៧ ខាងមុខ។ នេះបើយោងតាមរបាយការណ៍ថ្មីៗនេះដែលដកស្រង់ដោយ Xinhua។
ជុំវិញការព្យាករនេះ លោក Tim Leelahaphan អ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារ Standard Chartered ប្រចាំប្រទេសថៃ និងវៀតណាម បានមានប្រសាសន៍ថា សេដ្ឋកិច្ចវៀតណាមបានបង្ហាញពីភាពធន់ និងរឹងមាំយ៉ាងខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦។ កំណើននេះត្រូវបានរុញច្រានដោយវិស័យផលិតកម្ម វិស័យសេវាកម្ម និងការវិនិយោគ ដោយមានការគាំទ្រពីគោលនយោបាយដែលមានគោលបំណងលើកកម្ពស់ការរីកចម្រើនសេដ្ឋកិច្ច៕

