គ្រូជាសសរស្តម្ភមិនអាចខ្វះបាន! កម្ពុជាប្រារព្ធទិវាគ្រូបង្រៀន ៥ តុលា លើកកម្ពស់បំណិនសតវត្សរ៍ទី២១ ដែលAI មិនអាចជំនួសបាន

សង្គម​ និង​សេដ្ឋកិច្ច

ពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១» នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីតំណាងអង្គការ UNESCO ថ្នាក់ដឹកនាំ និងលោកគ្រូ-អ្នកគ្រូទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលបញ្ញាសិប្បនិម្មិត (AI) កំពុងវិវត្តយ៉ាងលឿន គ្រូបង្រៀនត្រូវប្រើប្រាស់គរុកោសល្យទំនើប ដើម្បីបណ្តុះបំណិនសតវត្សរ៍ទី២១ ដល់សិស្សានុសិស្ស រួមមាន៖ ការគិតស៊ីជម្រៅ ការដោះស្រាយបញ្ហា ភាពច្នៃប្រឌិត និងការធ្វើការជាក្រុម ដែលជាបំណិនស្នូលមិនអាចជំនួសបានដោយ AI ឡើយ។ ភាពជោគជ័យនៃការបញ្ចប់ឆ្នាំសិក្សា ២០២៥-២០២៦ កន្លងទៅនេះ បានស្តែងឡើងយ៉ាងច្បាស់តាមរយៈលទ្ធផលល្អប្រសើរនៃការប្រឡងបាក់ឌុប និងលទ្ធផលតេស្តអន្តរជាតិ PISA 2025 ព្រមទាំង SEA-PLM 2024។

ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍប្រព័ន្ធអប់រំ ឯកឧត្តមបានដាក់ចេញនូវទិសដៅអាទិភាពចំនួន ៥ រួមមាន៖ ១. រក្សានិរន្តរភាពនៃកំណែទម្រង់ (មិនមានដំណោះស្រាយផ្លូវកាត់) ២. ពង្រីកកំណែទម្រង់សាលារៀនទាំងមូល ដែលជួយឱ្យពិន្ទុ PISA ខ្ពស់ ៣. លើកកម្ពស់ស្តង់ដាវិជ្ជាជីវៈគ្រូ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន ៤. ដោះស្រាយគម្លាតសិក្សារវាងសាលាក្រុង និងជនបទ ៥. ពង្រឹងភាពជាអ្នកដឹកនាំ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

ជាកិច្ចបញ្ចប់ ក្រសួងបានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់ ធិបឌិន ជូនបុគ្គលិកអប់រំឆ្នើម ១១រូប ដែលបង្រៀនសិស្សទទួលបានពិន្ទុខ្ពស់ជាងគេទាំង ១១មុខវិជ្ជាក្នុងការប្រឡងបាក់ឌុប ប្រគល់ពានរង្វាន់ «វិទ្យាល័យសិស្សពូកែ» ព្រមទាំងប័ណ្ណសរសើរជូនដល់សាលារៀនគំរូដែលអនុវត្តតេស្តអន្តរជាតិ PISA-2025 បានយ៉ាងល្អប្រសើរ៕