ហុងកុង ទិញចូលមាសពីរុស្ស៊ីក្នុងចំនួនច្រើនជាង ១០០ តោន ត្រឹមរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ

អន្តរជាតិ

ទីក្រុងហុងកុងបាននាំចូលមាសក្នុងកម្រិតកំណត់ត្រាជាប្រវត្តិសាស្ត្រ ពីប្រទេសរុស្ស៊ី ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ខណៈពេលដែលណ្ឌកម្មរបស់លោកខាងលិចបានបង្វែរលំហូរនៃការនាំចេញលោហធាតុដ៏មានតម្លៃនេះ មកកាន់តំបន់អាស៊ីវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្អែកលើទិន្នន័យពីនាយកដ្ឋានព័ត៌មានវិទ្យានិងស្ថិតិហុងកុង បានបង្ហាញថាក្រុមហ៊ុនវិនិយោគលោហធាតុមានតម្លៃ BullionVault បានគណនាថា ទីក្រុងហុងកុង បាននាំចូលមាសចំនួន ១១២,៧ តោនពីរុស្ស៊ីក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ។ តួលេខនេះបានកើនលើសកំណត់ត្រាកាលពីឆ្នាំមុនដែលមានចំនួនត្រឹម ៩២,១ តោន។ កាលពីមុនពេលមានជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ហុងកុងបាននាំចូលមាសពីរុស្ស៊ីត្រឹមតែ ៣,៣ តោនប៉ុណ្ណោះក្នុងឆ្នាំ២០២១។

យ៉ាងណាមិញ ជុំការវិវឌ្ឍនេះបង្ហាញថា មាសរុស្ស៊ីបានផ្លាស់ប្តូរទិសដៅការនាំចេញរបស់ខ្លួន បន្ទាប់ពីទីផ្សារលោកខាងលិចបានបញ្ឈប់ការទិញ។ ហុងកុងបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងរុស្ស៊ីនិងចិនចាប់តាំងពីមានជម្លោះមក។

គួរជម្រាបជូនផងដែរថា នៅមុនពេលមានជម្លោះ ឧស្សាហកម្មមាសរុស្ស៊ីបានពឹងផ្អែកយ៉ាងខ្លាំងលើទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស។ យោងតាមទិន្នន័យពី BullionVault ការនាំចេញមាសរុស្ស៊ីទៅកាន់ចក្រភពអង់គ្លេសចន្លោះឆ្នាំ២០១៩ និង ២០២១ មានទំហំច្រើនជាង ៧០% នៃផលិតកម្មមាសសរុបរបស់ប្រទេសរុស្ស៊ី៕​