រដ្ឋាភិបាលថៃ គ្រោងរៀបចំព្រឹត្តិការណ៍ពិធីបុណ្យសង្ក្រាន្តពេញមួយខែ នាឆ្នាំក្រោយ 

អន្តរជាតិ

គណៈកម្មាធិការជាតិអភិវឌ្ឍន៍ថាមពលទន់ (Soft power) បានបញ្ជាក់ពីគំនិតរបស់ខ្លួន ក្នុងការរៀបចំពិធីបុណ្យសង្ក្រាន្តមួយខែពេញ ដោយហេតុថាពិធីបាចទឹកដាក់គ្នានឹងនៅតែប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៥ ខែមេសាតាមប្រពៃណី ខណៈដែលព្រឹត្តិការណ៍វប្បធម៌ផ្សេងៗទៀតនឹងរៀបចំពេញមួយខែនៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Paetongtarn Shinawatra មេដឹកនាំគណបក្សភឿថៃ និងជាប្រធានគណៈកម្មាធិការនេះ បាននិយាយកាលពីពេលកន្លងទៅថា គណៈកម្មាធិការចង់លើកកម្ពស់ពិធីបុណ្យសង្ក្រាន្ត ឱ្យក្លាយជាពិធីបុណ្យដ៏ល្អបំផុតមួយនៅលើពិភពលោក។ 

លោកស្រីបន្តថា៖ ពួកយើងនឹងមិនលេងបាចទឹកតែបីថ្ងៃនោះទេ ប៉ុន្តែនឹងមានព្រឹត្តិការណ៍ធំៗជាច្រើន នឹងត្រូវប្រារព្ធធ្វើឡើងនៅទូទាំងប្រទេសរយៈពេលពេញមួយខែ។ ម្យ៉ាងវិញទៀត គណៈកម្មាធិការរំពឹងថា ការបន្ថែមចំនួនថ្ងៃនៃពិធីបុណ្យនេះ នឹងអាចរកចំណូលបានប្រមាណ ៣៥ ពាន់លានបាតសម្រាប់សេដ្ឋកិច្ច។ 

ជាមួយគ្នានោះ អនុប្រធានគណៈកម្មាធិការលោក Surapong Suebwonglee បានមានប្រសាសន៍ថា អំឡុងពេលពិធីបុណ្យសង្ក្រាន្តនៅក្នុងខេត្តនីមួយៗ តែងតែ​មានការរៀបចំសកម្មភាពបែបបទរៀងៗខ្លួននិងដោយឡែកពីគ្នា ប៉ុន្តែពិធីបុណ្យនឹងត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ដោយអង្គការយូណេស្កូ។ 

ដូច្នេះហើយ គណៈកម្មាធិការបានឯកភាពគ្នាថា ពិធីបុណ្យសង្ក្រាន្តនៅឆ្នាំក្រោយ គួរតែរៀបចំអោយបានព្រមគ្នា ជាជាងរៀបចំដាច់ដោយឡែកពីគ្នានៅទូទាំងខេត្តចំនួន ៧៧ ដែលមានរយៈពេលពេញមួយខែមេសា។ តែយ៉ាងណា វាមិនមែនជាការបាញ់ទឹកពេញមួយខែនោះទេ ដោយវានឹងប្រព្រឹត្តទៅត្រឹមបីថ្ងៃគឺពីថ្ងៃទី ១៣-១៥ ខែមេសា ក្នុងទីក្រុងបាងកក។ នេះបើតាមការបញ្ជាក់ប្រាប់ពីលោក Surapong ទៅកាន់កាសែត Bangkok Post ៕