យោងតាមអង្គការបរិស្ថាន Transport & Environment (T&E) បានឱ្យដឹងថា ប្រជាជននៅតំបន់អឺរ៉ុបបានទិញរថយន្តអគ្គិសនីក្នុងកម្រិតកំណត់ត្រារហូតដល់ ១,៦៤ លានគ្រឿង ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ ដោយសារម៉ូដែលរថយន្ត EV មានតម្លៃសមរម្យមានកាន់តែច្រើន ហើយតម្លៃប្រេងឥន្ធនៈមានការកើនឡើងខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

អង្គការ T&E ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក បានរាយការណ៍ថា ការលក់រថយន្តអគ្គិសនីនៅអឺរ៉ុបក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ បានកើនឡើង ៤៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ បច្ចុប្បន្ន រថយន្តទាំងនេះគ្របដណ្តប់លើទីផ្សារចំនួន ២២% ដែលជាការកើនឡើង ៦%។
យ៉ាងណាមិញ ការលក់បានឈានដល់កម្រិតកំណត់ត្រា ដោយសារទីផ្សារបានមើលឃើញពីការដាក់លក់ម៉ូដែលរថយន្តអគ្គិសនីថ្មីៗ ដែលមានតម្លៃសមរម្យជាច្រើន ចំពេលដែលតម្លៃប្រេងឥន្ធនៈកើនឡើង ដោយសារជម្លោះនៅអ៊ីរ៉ង់។ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៦ ម៉ូដែលថ្មីៗជិត ៤០ ត្រូវបានដាក់បង្ហាញ ដែលធ្វើឱ្យចំនួនរថយន្តអគ្គិសនីសរុបដែលកំពុងលក់នៅអឺរ៉ុបកើនឡើងលើសពី ១៥០ ម៉ូដែល។
របាយការណ៍នេះក៏បានបង្ហាញផងដែរថា រថយន្តអគ្គិសនីមានការចំណាយលើការប្រតិបត្តិការទាបជាង ដែលជួយកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃប្រេងឥន្ធនៈ។ គិតត្រឹមពាក់កណ្តាលខែកញ្ញា តម្លៃនៃការចាក់ប្រេងម៉ាស៊ូតពេញធុងចំណុះ ៥០ លីត្រ មានតម្លៃខ្ពស់ជាងមុនពេលមានជម្លោះនៅអ៊ីរ៉ង់ចំនួន ៣០អឺរ៉ូ។ ហើយចំពោះការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនី ពួកគេអាចសន្សំសំចៃថវិកាបានប្រហែល ៣៥០អឺរ៉ូ សម្រាប់រថយន្តនីមួយៗ ត្រឹមពាក់កណ្តាលខែកញ្ញា។
ជម្រាបជូនថា បច្ចុប្បន្ន ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបកំពុងគ្របដណ្តប់លើការផ្គត់ផ្គង់ ដោយក្តោបក្តាប់ជិត ៦០% នៃម៉ូដែលរថយន្តអគ្គិសនីនៅលើទីផ្សារ ដោយបានដាក់ចេញម៉ូដែលថ្មីៗចំនួន ១៦ ទៅលើទីផ្សារនៅឆមាសទី១ ចំណែកឯក្រុមហ៊ុនផលិតរថយន្តរបស់ចិនមាន ២១% ដោយបានណែនាំចេញ ១១ ម៉ូដែលបន្ថែមទៀតទៅកាន់ទីផ្សារក្នុងកំឡុងពេលដូចគ្នានេះ៕

