ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានវិលត្រឡប់ទៅរកកម្រិត ១ទ្រីលានដុល្លារឡើងវិញ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX បានស្ទុះងើបឡើងយ៉ាងខ្លាំង ដែលបានបន្ថែមលុយចំនួនជាង ៦៥ពាន់លានដុល្លារ ទៅឲ្យ CEO រូបនេះ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា នៅពេលបិទការជួញដូរនាថ្ងៃទី៥ ខែតុលា ភាគហ៊ុនរបស់ក្រុមហ៊ុនអវកាស SpaceX បានកើនឡើងជិត ៨% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលខែមិថុនាមក។ កត្តានេះបានជួយបង្កើនទ្រព្យសម្បត្តិរបស់លោក Musk រាប់ពាន់លានដុល្លារបន្ថែមទៀត ដែលនាំឲ្យចំនួនលុយសរុបរបស់លោក កើនឡើងដល់ ១,០៣ទ្រីលានដុល្លារ សារជាថ្មី។
ជម្រាបជូនថា ទ្រព្យសម្បត្តិរបស់លោក Musk បច្ចុប្បន្នភាគហ៊ុនបានមកពីក្រុមហ៊ុន Tesla និង SpaceX ។ កាលពីពាក់កណ្តាលខែមិថុនា SpaceX បានបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង ដោយភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានកើនឡើងដល់កម្រិតកំពូលបំផុតមួយ ដែលធ្វើឲ្យលោក Musk បានក្លាយជាមហាសេដ្ឋីលុយទ្រីលានដុល្លារដំបូងរបស់លើលោក នៅពេលនោះផងដែរ។ ប៉ុន្តែក្រោយមក ភាគហ៊ុននេះបានធ្លាក់ចុះវិញ និងបានធ្លាក់ដល់កម្រិតទាបបំផុតនៅដើមខែសីហា មុនពេលមានការកើនឡើងមកវិញក្នុងរយៈពេលចុងក្រោយនេះ៕

