វិស័យសាងសង់វៀតណាម កំពុង​រង្គោះ​រង្គើ​ ក្រោយការកើនឡើងតម្លៃ​​សម្ភារ:​សំណង់

អន្តរជាតិ

បើទោះបីជាមានការរំពឹងទុកខ្ពស់ថា តម្រូវការដែក និងដែកថែប នឹងមានការកើនឡើងខ្ពស់ ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយការផ្គត់ផ្គង់ ក៏ដូចជាការដកមូលនិធិសម្រាប់គម្រោងសំខាន់ៗ ដើម្បីងាកទៅផ្តោតទៅលើគម្រោងលំនៅដ្ឋានសង្គមក៏ដោយ ប៉ុន្តែតម្លៃសម្ភារ:សំណង់សំខាន់ៗ នៅក្នុងប្រទេសវៀតណាម នៅតែមានការកើនឡើងខ្ពស់ដដែល ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ យោងតាមអ្នកម៉ៅការ និងអ្នកវិនិយោគ នៅក្នុងទីក្រុងហាណូយ បានបង្ហាញឱ្យដឹងទៀតថា ខណ:ពេលដែលតម្លៃស៊ីម៉ងត៍ នៅតែមានស្ថិរភាព ប៉ុន្តែសម្រាប់សម្ភារ:សំណង់សំខាន់ៗ ផ្សេងទៀត ដូចជាដែក និងខ្សាច់ នៅតែបន្តឡើងថ្លៃឥតឈប់ឈរ ។

ជុំវិញការកើនឡើងថ្លៃនេះ បានធ្វើឱ្យមានផលពិបាកខ្លាំង សម្រាប់ក្រុមហ៊ុនអាជីវកម្មជាច្រើន ក្នុងវិស័យសាងសង់របស់វៀតណាម ក្នុងការទទួលយកកិច្ចសន្យាសម្រាប់គម្រោងសាងសង់ណាមួយ ដែលត្រូវឱ្យមានបរិមាណដែកច្រើន ខណ:ពេលដែលពួកគេ មានភាពភ័យខ្លាចចំពោះការខាតបង់យ៉ាងច្រើន ប្រសិនបើតម្លៃដែកនៅតែបន្តកើនឡើងបែបនេះ ។

ហើយជាលទ្ធផល គម្រោងសំណង់ជាច្រើន ក្នុងប្រទេសវៀតណាម នៅតែមិនទាន់បញ្ចប់ការសាងសង់នៅឡើយ ដោយត្រូវផ្អាកត្រឹមពាក់កណ្តាលទី ព្រោះតែក្រុមហ៊ុននានា មិនចង់ប្រថុយទៅនឹងការខាតបង់ហិរញ្ញវត្ថុរបស់ខ្លួន ក្នុងសាងសង់គម្រោងបង្ហើយនោះ ។

គួរឱ្យដឹងផងដែរថា ចាប់តាំងពីដើមឆ្នាំ ២០២៣ នេះមក តម្លៃដែកប្រភេទ CB240 និង D10 CB300 បានកើនឡើងដល់ ១៦លានដុង (៦៧៨ដុល្លារ) ក្នុងមួយតោន ស្របពេលតម្លៃខ្សាច់សំណង់វិញ ក៏បានកើនឡើងខ្លាំងផងដែរ ចាប់តាំងពីបុណ្យចូលឆ្នាំមក ៕