ក្រុងអាប៊ូដាប៊ី និងឌុយបៃ ប្រកាសរាប់រងការចំណាយទាំងស្រុង ចំពោះភ្ញៀវទេសចរដែលជាប់គាំង ដោយសារជម្លោះអ៊ីរ៉ង់

អន្តរជាតិ

ក្រសួងវប្បធម៌ និងទេសចរណ៍អាប៊ូដាប៊ី (DCT Abu Dhabi) និងក្រសួងសេដ្ឋកិច្ច និងទេសចរណ៍ទីក្រុងឌុយបៃ បានណែនាំឲ្យសណ្ឋាគារទាំងអស់នៅក្នុងប្រទេសអារ៉ាប់រួម អនុញ្ញាតឲ្យភ្ញៀវទេសចរដែលមិនអាចចេញបាន ដោយសារតែការលុបចោលជើងហោះហើរ និងការបិទដែនអាកាស ឲ្យបន្តការស្នាក់នៅរបស់ពួកគេលើសពីកាលបរិច្ឆេទដែលបានកំណត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Gulf News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

DCT អាប៊ូដាប៊ី បាននិយាយថា រាល់ការចំណាយលើការស្នាក់នៅបន្ថែមទាំងនោះ នឹងត្រូវទទួលរាប់ដោយរដ្ឋាភិបាលរបស់អារ៉ាប់រួមផ្ទាល់។ ប៉ុន្តែទោះជាយ៉ាងណា​ ទំហំនៃការចំណាយនោះមិនត្រូវបានគេទម្លាយឲ្យដឹងនៅឡើយនោះទេ។

នៅក្នុងសារាចរចុះកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលផ្ញើទៅកាន់អ្នកគ្រប់គ្រងទូទៅនៃគ្រឹះស្ថានសណ្ឋាគារ DCT អាប៊ូដាប៊ី បានណែនាំថា ភ្ញៀវដែលប្រឈមមុខនឹងការរំខានដល់ការធ្វើដំណើរដែលហួសពីការគ្រប់គ្រងរបស់ពួកគេ ត្រូវអនុញ្ញាតឲ្យបន្តការស្នាក់នៅរហូតដល់ពួកគេអាចចាកចេញពីប្រទេសបាន។

មិនតែប៉ុណ្ណោះ ការណែនាំស្រដៀងគ្នានេះត្រូវបានអនុវត្តនៅក្នុងទីក្រុងឌុយបៃ ផងដែរ ដោយក្រសួងសេដ្ឋកិច្ច និងទេសចរណ៍របស់ទីក្រុង បានណែនាំដល់ប្រតិបត្តិករសណ្ឋាគារអនុញ្ញាតឲ្យភ្ញៀវដែលរងផលប៉ះពាល់បន្តការស្នាក់នៅរបស់ពួកគេ ក្រោមលក្ខខណ្ឌកក់ដូចគ្នា ដោយការពារការដំឡើងថ្លៃ ឬការពិន័យក្នុងអំឡុងពេលនៃការរំខាន ដោយសារតែសង្រ្គាមនៅអ៊ីរ៉ង់នេះ។

ជម្រាបជូនថា វិធានការទាំងនេះ គឺបានកើតឡើងចំពេលមានចលាចលក្នុងការធ្វើដំណើរយ៉ាងទូលំទូលាយនៅទូទាំងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលនាំឲ្យមានការរឹតបន្តឹងដែនអាកាសបណ្តោះអាសន្ន ការបង្វែរជើងហោះហើរ និងការលុបចោលដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ និងអន្តរជាតិជាច្រើន។

យោងតាមការប៉ាន់ស្មានដែលដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានបង្ហាញឲ្យដឹងថាភ្ញៀវទេសចរ និងអ្នកដំណើរឆ្លងកាត់ប្រហែល ២០ ០០០ នាក់ ត្រូវបានគេជឿថាកំពុងជាប់គាំងនៅទូទាំងប្រទេសអារ៉ាប់រួម៕​