ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីពិភាក្សា និងសិក្សាលទ្ធភាពនៃការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម សំដៅឈានទៅជំរុញសេដ្ឋកិច្ចប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត។

កិច្ចពិភាក្សានេះ ធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ លោកស្រី Stefania Dina នាយិកាទទួលបន្ទុកកសិកម្ម ស្បៀងអាហារ ធម្មជាតិ និងអភិវឌ្ឍន៍ជនបទ(AFNR) នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងគណៈប្រតិភូអមដំណើរ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នាឱកាសនៃជំនួបនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈគម្រោងមានស្រាប់ និងគំនិតផ្តួចផ្តើមថ្មីៗ ស្របតាមអាទិភាពសំខាន់ៗសំដៅជំរុញអភិវឌ្ឍន៍ទំនេីបកម្មកសិកម្ម និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មកសិកម្ម និងការលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សូមរម្លឹកដែរថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងជំរុញការតភ្ជាប់ខ្សែច្រវាក់ផលិតកម្មកសិកម្ម តាមរយៈការអនុវត្តកិច្ចសន្យាកសិកម្ម ការបង្កើតសហគមន៍កសិកម្មទំនើប និងការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីបង្កើនតម្លៃបន្ថែម និងទីផ្សារកសិផល។វិធានការសំខាន់ៗក្នុងការជំរុញខ្សែច្រវាក់ផលិតកម្មកសិកម្មនេះ ក្នុងនោះមាន៖ កសិកម្មតាមកិច្ចសន្យា៖ ក្រុមហ៊ុនឯកជន សហគមន៍កសិកម្ម និងកសិករ ចាប់ដៃគូគ្នាធានាទាំងបរិមាណ គុណភាព និងទីផ្សារប្រមូលទិញច្បាស់លាស់។សហគមន៍កសិកម្មទំនើប៖ ប្រមូលផ្តុំកសិកររាយប៉ាយឱ្យមកជាបណ្តុំតែមួយ ដើម្បីងាយស្រួលទទួលបានបច្ចេកទេស ធាតុចូល និងដើមទុន។ ការលើកទឹកចិត្តពន្ធដារ និងវិនិយោគ៖ រដ្ឋបានដាក់ចេញនូវកញ្ចប់លើកទឹកចិត្តពន្ធដារ និងគាំទ្រទុន (ដូចជាតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម – ARDB) ដើម្បីកាត់បន្ថយថ្លៃដើម និងពង្រីកឃ្លាំងស្តុក ឡសម្ងួត។និងវេទិកា និងពិព័រណ៍កសិកម្ម (CAFE26)៖ រៀបចំឡើងដើម្បីទាក់ទាញវិនិយោគិន និងជំរុញការកែច្នៃកសិ-ស្បៀងអាហារឆ្ពោះទៅទីផ្សារអន្តរជាតិ៕ អត្ថបទ៖ហ្សាលីន


