ក្រុមសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពព្រំដែនច្រកអានសេះ ក្រោយយោធាថៃបន្តសកម្មភាពខុសច្បាប់

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ស្ថិតក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងការពារជាតិ ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក យោធាថៃបាននិងកំពុងបន្តសកម្មភាពជាច្រើនដែលផ្ទុយនឹងកិច្ចព្រមព្រៀង រួមមាន៖ ការដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ច្រកអានសេះ។ សកម្មភាពឯកតោភាគីទាំងនេះ បានរារាំង និងធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាចំនួន ១,១១៤នាក់ ស្មើនឹង ៣៥៧ គ្រួសារ (ក្នុងនោះមានស្ត្រី ៧១១នាក់ និងកុមារ ៥៩៧នាក់) នៅតែមិនទាន់អាចវិលត្រឡប់ទៅរស់នៅលំនៅដ្ឋានដើមរបស់ពួកគេវិញបាននៅឡើយ។

ក្រសួងការពារជាតិ បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវជំហររបស់កម្ពុជា ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន ព្រមទាំងរាល់កិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវរាល់ការកែប្រែខ្សែព្រំដែនណាដែលកើតចេញពីការប្រើប្រាស់កម្លាំងយោធាឡើយ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តប្រកបដោយភាពស្មោះត្រង់ និងសុចរិត ក្នុងការគោរព និងអនុវត្តឱ្យបានពេញលេញ ខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត ដើម្បីជំរុញឱ្យស្ថានភាពវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស៕