លោកស្រី Pham Thu Huong ភរិយារបស់លោក Pham Nhat Vuong ដែលជាមហាសេដ្ឋីមានបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមេធំក្រុមហ៊ុន Vingroup បានត្រឡប់មកកាន់តំណែងលេខ ២ វិញនៅលើបញ្ជីមហាសេដ្ឋីមានបំផុតនៅវៀតណាម ដោយសារតែការងើបឡើងវិញនៃតម្លៃភាគហ៊ុនក្រុមហ៊ុនរបស់លោកស្រី។

អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនចុះបញ្ជីធំជាងគេនៅវៀតណាមរូបនេះ បានឃើញទ្រព្យសម្បត្តិសរុបរបស់លោកស្រីកើនឡើងជិត ៤% រហូតដល់ ៤,១ពាន់លានដុល្លារ កាលពីថ្ងៃអង្គារ ពោលគឺបានកើនឡើងជាង ១៥៦លានដុល្លារ បើធៀបនឹងថ្ងៃចន្ទ។ នេះបើតាមការចុះផ្សាយពីទស្សនាវដ្តី Forbes។
គួរឲ្យដឹងថាទ្រព្យសម្បត្តិរបស់លោកស្រី Huoung បានកើនឡើងលើសលោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietjet ដែលមានទ្រព្យសម្បត្តិប្រមាណ ៤ពាន់លានដុល្លារ ពោលគឺបានថយចុះអស់ ១,៨% ។
ជម្រាបជូនផងដែរថា សម្រាប់ស្វាមីរបស់លោកស្រី គឺលោក Vuong ដែលជាប្រធានក្រុមហ៊ុន Vingroup ក៏ទទួលបានការកើនឡើងនៃទ្រព្យសម្បត្តិចំនួន ៣,៨% ដល់ទៅ ៣៦,២ពាន់លានដុល្លារផងដែរ។ ចំណែកប្អូនស្រីរបស់លោកស្រី Huong ដែលជាអនុប្រធានក្រុមហ៊ុន Vingroup ដែរនោះ ក៏បានកើនទ្រព្យសម្បត្តិ ៤% ដល់ ២,៩ពាន់លានដុល្លារ ដែលធ្វើឱ្យរូបគេជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតទី៤ នៅវៀតណាមផងដែរ៕

