យោងតាមសេតវិមានបានប្រកាសថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ នឹងប្រគល់ពានរង្វាន់វិទ្យាសាស្ត្រដ៏ល្បីល្បាញបំផុតរបស់អាមេរិកជូនដល់មហាសេដ្ឋី Elon Musk និងមេដឹកនាំបច្ចេកវិទ្យាមួយចំនួនទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

កាលពីថ្ងៃទី ៧ ខែតុលា សេតវិមានបានប្រកាសថា ក្រៅពីលោក Elon Musk ក៏មានសហស្ថាបនិករបស់ក្រុមហ៊ុន Google គឺលោក Sergey Brin, CEO ក្រុមហ៊ុន Nvidia លោក Jensen Huang និង CEO ក្រុមហ៊ុន AMD លោកស្រី Lisa Su ផងដែរ ដែលនឹងទទួលបានមេដាយវិទ្យាសាស្ត្រជាតិ (National Medal of Science) កម្រិតខ្ពស់ នៅក្នុងសន្និសីទ “Science: A New Golden Age” ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែតុលា ក្នុងទីក្រុងវ៉ាស៊ីនតោន។
គួរឲ្យដឹងថាមេដាយវិទ្យាសាស្ត្រជាតិនេះ គឺជាពានរង្វាន់ដ៏មានកិត្តិយសបំផុតដែលប្រគល់ដោយប្រធានាធិបតីសហរដ្ឋអាមេរិក ជូនដល់បុគ្គលទាំងឡាយណាដែលមានការវិភាគ និងការចូលរួមចំណែកយ៉ាងលេចធ្លោដល់ការរីកចម្រើននៃចំណេះដឹងក្នុងវិស័យវិទ្យាសាស្ត្រធម្មជាតិ គណិតវិទ្យា វិស្វកម្ម និងវិទ្យាសាស្ត្រឥរិយាបថ។
គួរជម្រាបជូនថា តាមរយៈការបង្កើតឡើងដោយសភាសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៥៩ មេដាយនេះត្រូវបានផ្តល់ជូនដើម្បីលើកតម្កើងអ្នកវិទ្យាសាស្ត្រ និងវិស្វករឆ្នើមៗ ព្រមទាំងបញ្ជាក់ពីតំណែងដឹកនាំរបស់អាមេរិក នៅក្នុងវិទ្យាសាស្ត្រពិភពលោកផងដែរ៕

