តុលាការថៃបានផ្ដន្ទាទោសលោក Phra Alongkot ដែលជាអតីតចៅអធិការវត្ត Phra Bat Nam Phu ក្នុងខេត្ត Lop Buri ឱ្យជាប់ពន្ធនាគាររយៈពេល ៧៤២ឆ្នាំ ពីបទកេងបន្លំប្រាក់បរិច្ចាគ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Khaosod។

កាលពីថ្ងៃទី៧ ខែតុលា តុលាការព្រហ្មទណ្ឌកណ្ដាលសម្រាប់ករណីពុករលួយ និងការប្រព្រឹត្តខុសក្នុងតំណែងនៅប្រទេសថៃ បានកំណត់ថា Phra Alongkot បានប្រព្រឹត្តបទល្មើសបន្តបន្ទាប់គ្នាយ៉ាងធ្ងន់ធ្ងរ ក្នុងនាមជាព្រះសង្ឃ។
ដើមឡើយ រូបលោកត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ៦ឆ្នាំ សម្រាប់បទកេងបន្លំនីមួយៗក្នុងចំណោម ១៨៥ ករណី និង ៣ឆ្នាំទៀតពីបទលាងលុយកខ្វក់។ តែទោះជាយ៉ាងណាក៏ដោយ តុលាការបានកាត់បន្ថយទោស ដោយសាររូបលោកបានសហការល្អក្នុងអំឡុងពេលសវនាការ។
ដូច្នេះ ទោសត្រូវបានកែសម្រួលមកត្រឹម ៤ឆ្នាំសម្រាប់ការកេងបន្លំនីមួយៗ និង ២ឆ្នាំពីបទលាងលុយកខ្វក់ ដែលធ្វើឱ្យទោសសរុបឡើងដល់ ៧៤២ឆ្នាំ។
គួរឲ្យដឹងថា ការចាប់ខ្លួនលោក Alongkot ត្រូវបានធ្វើឡើងកាលពីខែសីហាឆ្នាំមុន ពីបទកេងបន្លំ និងលាងលុយកខ្វក់ ដែលបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសាររូបលោកធ្លាប់ទទួលបានការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងឈានមុខគេក្នុងការជួយសង្គ្រោះ និងថែទាំអ្នកជំងឺអេដស៍ (HIV/AIDS)។
លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញទៀតថា លោកបានក្លែងបន្លំប្រវត្តិការសិក្សា និងបន្លំអត្តសញ្ញាណអ្នកដទៃដើម្បីបួសជាព្រះសង្ឃនៅឆ្នាំ១៩៨៦។ លោកត្រូវបានតែងតាំងជាចៅអធិការវត្តនៅឆ្នាំ១៩៨៨ ហើយបានបង្កើតមជ្ឈមណ្ឌលថែទាំអ្នកជំងឺអេដស៍នៅទីនោះរយៈពេល ៤ឆ្នាំក្រោយមក៕

