គិតមកដល់ពេលបច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងយុទ្ធសាស្ត្រចំនួន ៤ ដើម្បីគាំទ្រដល់ការគ្រប់គ្រងលើវិស័យធនធានទឹក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយលោកស្រី Stefania Dina នាយិកាប្រចាំតំបន់ ទទួលបន្ទុកផ្នែកកសិកម្ម ស្បៀងអាហារ ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងគណៈប្រតិភូអមដំណើរ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ។

ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ត្រី បានស្វាគមន៍គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលបានមក ពិភាក្សាការងារស្ដីពីអាទិភាពនៃការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ហើយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។
លោកបន្តថា ក្រសួងធនធានទឹក កំពុងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រពេញលេញ និងការធ្វើទំនើបកម្មលើការគ្រប់គ្រងធនធានទឹក ដើម្បីគាំទ្រដល់ការកែទម្រង់របស់រាជរដ្ឋាភិបាល និងពង្រឹងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន ព្រមទាំងការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

តាមរយៈជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាអំពីអាទិភាពនៃការអភិវឌ្ឍវិស័យធនធានទឹកនិងបញ្ហាប្រឈមសំខាន់ៗ និងពិនិត្យមើលវឌ្ឍនភាពនៃគម្រោងកំពុងអនុវត្តដែលមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ីនិងជម្រើសនានាសម្រាប់ការកែលម្អប្រសិទ្ធភាពការងារ ព្រមទាំងធ្វើការផ្លាស់ប្តូរទស្សនៈ និងស្វែងរកឱកាស ដើម្បីពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
សូមជម្រាបថា បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងយុទ្ធសាស្ត្រ ចំនួន ៤ ដើម្បីគាំទ្រដល់ការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនៅកម្ពុជា ក្នុងនោះគម្រោងចំនួន ៣ កំពុងស្ថិតក្នុងដំណាក់កាលអនុវត្តគឺគម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន(CFAVC) គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម(IAIP) គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ(IWRM) និងគម្រោងចំនួន ១ កំពុងស្ថិតក្នុងដំណាក់កាលរៀបចំគម្រោង ការសិក្សាសមិទ្ធិលទ្ធភាព និងការរៀបចំគំនូសប្លង់វិស្វកម្មលម្អិត គឺគម្រោងគ្រប់គ្រងធនធានទឹកចម្រុះជំហានពីរ(SIWRMP) ៕ អត្ថបទ៖ហ្សាលីន


