ក្រុមហ៊ុនផលិតសំបកកង់រថយន្តក្នុងស្រុក បានប្រើប្រាស់ជ័រកៅស៊ូខ្មែរចំនួនប្រមាណ ១៦ម៉ឺនតោនក្នុងឆ្នាំ២០២៥ និងកំពុងមានតម្រូវការកាន់តែច្រើន នាពេលអនាគត ខណៈដែលក្រុមហ៊ុនផលិតសំបកកង់រថយន្ត នឹងបើកប្រតិបត្តិការថ្មីៗបន្ថែមទៀត។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះថា មកដល់ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញ ៣១លានសំបកកង់ នៅក្នុងទំហំទឹកប្រាក់រហូតដល់ ១៣៨៥លានដុល្លារអាមេរិក។ នេះជាតួលេខជាក់ស្តែង ដែលទទួលបានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ នៅក្នុងសកម្មភាពទាំង ៨សកម្មភាពនេះ ដែលកំពុងតែមមាញឹកក្នុងការបោះទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងចង្កោមឧស្សាហកម្មសំបកកង់រថយន្តនេះ កម្ពុជាត្រូវតែជំរុញឱ្យមានខ្សែសង្វាក់ផ្គត់ផ្គង់ មានវត្ថុធាតុដើមគាំទ្រ ព្រោះថានៅក្នុងចង្កោមនៃគ្រឿងបង្គុំ ដែលយកមកផ្គុំសម្រាប់ផលិតសំបកកង់រថយន្តមួយ មានរហូតដល់ ២០០ នៃប្រភេទគ្រឿងបង្គុំ ឬគ្រឿងផ្សំ។
ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបន្តថា បច្ចុប្បន្ននេះយើងផ្គត់ផ្គង់បានតែកៅស៊ូទេ។ ក្នុងមួយឆ្នាំយើងផលិតប្រហែល ៥០ម៉ឺនតោន ដូច្នេះបើសិនជាក្រុមហ៊ុនផលិតសំបកកង់រថយន្តទាំង៧ ឬថែម២ទៀតកំពុងសាងសង់ រហូតដល់ ៩ ប៉ុន្តែបច្ចុប្បន្នកំពុងដំណើរការ ៣ក្រុមហ៊ុន និងគ្រោងដំណើរនៅដើមឆ្នាំ២០២៦នេះ ចំនួន២ទៀត ក្នុងនោះការស្រូបយកនូវជ័រកៅស៊ូរបស់ខ្មែរយើង ប្រមាណជា ៦០% ទៅ ៧០%។ ក្រុមហ៊ុន សៃលន់ ៩៦% ប្រើជ័រកៅស៊ូស្រុកខ្មែរ។ សម្រាប់ជ័រកៅស៊ូ ដែលត្រូវការក្នុងឆ្នាំ២០២៥ ចំនួនប្រមាណ ២០ម៉ឺនតោន ហើយឧស្សាហកម្មផលិតសំបកកង់ស្រូបយកអស់ ១៦ម៉ឺនតោន ដូច្នេះបើក្រុមហ៊ុនដំណើរការពេញលេញទាំងអស់ ជ័រកៅស៊ូកម្ពុជា មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់នោះទេ។
គួររំឭកថា កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន PICG បានដាក់សម្ពោធសាកល្បងនូវផលិតផលក្នុងស្រុក ជាសំបកកង់ឡានម៉ាក Sailun ដែលផលិតមុនគេ ធំជាងគេ ដែលប្រើប្រាស់ជ័រកៅស៊ូខ្មែរមុនគេរហូតដល់ ៩៥ភាគ រយ។ រហូតមកដល់បច្ចុប្បន្ននេះ ទោះបីក្នុងស្ថានភាពលំបាក ជាពិសេសសង្រ្គាមរវាងខ្មែរ-ថៃ ប្រជាជនខ្មែរ រឹតតែ សម្រុកមកគាំទ្រនូវផលិតផលដ៏ល្អឥតខ្ចោះមួយនេះ ដែលផលិតចេញពីជ័រកៅស៊ូខ្មែរស្ទើរតែ១០០ភាគរយ ដែលដុះ លើទឹកដីខ្មែរ រោងចក្រផលិតលើដីខ្មែរ ជួយដល់កសិផលជាតិ ជាផលិតផលជាតិ ជួយគាំទ្រសេដ្ឋកិច្ចជាតិ៕





