ពន្ធដារ ប្រមូលចំណូលបានជាង ១០០លានដុល្លារលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ក្នុងឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅក្នុងឆ្នាំ២០២២នេះ ទទួលបានជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ដែលពន្ធដារអះអាងថា លើសនឹងផែនការ ១២៣%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានប្រសាសន៍ក្នុងកម្មវិធីស្តីពី វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យ សម្រាប់ផ្តល់សេវាតាម អនឡាញ (e-Tax Services) កាលពីថ្ងៃទី៩ ខែធ្នូ លោក គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ការប្រមូលចំណូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នៅក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងឆ្នាំ២០២១ មានការកើនឡើង ហើយនៅក្នុងឆ្នាំនេះ យើងប្រមូលលើសផែនការ ១២៣ភាគរយ ប្រហែលជាង ១០០លានដុល្លារ។

លោកបន្តថា ចំណូលពន្ធមធ្យោបាយនេះមានការកើនឡើង និងប្រមូលបានលើសផែនការ ដោយសារវិធានការប្រមូល តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសអគ្គ​នាយកដ្ឋាន បានបង្កើតនូវកម្មវិធី GDT Taxpayer App សម្រាប់បង់ពន្ធ។

យ៉ាងណា លោក គង់ វិបុល បានបញ្ជាក់បន្ថែមថា ចាប់ពីខែមករា ឆ្នាំ២០២៣ គឺមានការត្រួតពិនិត្យនៅតាមដងផ្លូវ គ្រប់រាជធា​នី-ខេត្តទាំងអស់ ចំពោះអ្នកដែលមិនបានបង់ពន្ធ លើមធ្យោបាយធ្វើដំណើរ ខណៈការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ បានបញ្ចប់នៅចុងខែវិច្ឆិកា ឆ្នាំ២០២២នេះ៕