ហាងលក់រាយធំបំផុតលើលោក 7-Eleven ប្រកាសដកអាជីវកម្មចេញទាំងស្រុងពីប្រទេសឥណ្ឌា

អន្តរជាតិ

យោងតាមក្រុមហ៊ុនមេរបស់ជប៉ុន បានឱ្យដឹងថា ហាងលក់ទំនិញរាយ 7-Eleven ទាំងអស់នៅក្នុងប្រទេសឥណ្ឌា បានសម្រេចបិទទ្វារទាំងស្រុងកាលពីខែកញ្ញា ដោយសារតែពួកគេជួបប្រទះការលំបាកក្នុងការប្រកួតប្រជែងជាមួយគូប្រជែងក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Seven & i Holdings ដែលជាម្ចាស់ខ្សែសង្វាក់ហាងទំនិញរាយធំជាងគេបំផុតនៅលើពិភពលោកមួយនេះ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “យើងសូមបញ្ជាក់ថា ដៃគូហ្វ្រេនឆៃស៍ធំ (Master Franchisee) របស់យើងគឺ Reliance ដែលប្រតិបត្តិការហាង 7-Eleven ក្នុងទីក្រុង Mumbai និង Pune នឹងបិទហាងទាំង ៣១ ទីតាំង ចាប់ពីថ្ងៃទី៣០ ខែកញ្ញា”។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រុមហ៊ុន Seven & i Holdings បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណជាមួយក្រុមហ៊ុន Reliance Retail ដែលមានមូលដ្ឋាននៅឥណ្ឌា ហាង 7-Eleven បានបើកសាខាដំបូងរបស់ខ្លួននៅទីក្រុង Mumbai ក្នុងខែតុលា ឆ្នាំ២០២១ ហើយក្រោយមកបានពង្រីកខ្លួនរហូតដល់ ៦០ ទីតាំង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Seven & i Holdings បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញមូលហេតុនៃការបិទហាងទាំងនោះទេ ប៉ុន្តែកាសែតធំៗដូចជា Nikkei និង Yomiuri បានរាយការណ៍ថា ក្រុមហ៊ុននេះបានជួបការលំបាកយ៉ាងខ្លាំងក្នុងការប្រកួតប្រជែងជាមួយអាជីវករលក់រាយក្នុងស្រុករបស់ឥណ្ឌា៕