សម្តេចធិបតី ៖ កម្ពុជាពុំដែលចុះហត្ថលេខាកាត់ដីឱ្យអ្នកណាឡើយ និងបន្តទាមទារតាមផ្លូវច្បាប់ជាដាច់ខាត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗអំពីបញ្ហាព្រំដែនថា «ការបាត់បង់ការគ្រប់គ្រងនៅទីកន្លែងមួយចំនួន មិនមែនបានន័យថាយើងឯកភាពកាត់ឱ្យគេនោះទេ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច (UME) សាខាគោលខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី បានពន្យល់អំពីភាពខុសគ្នារវាង ការបាត់បង់ការគ្រប់គ្រង និង ការបាត់បង់កម្មសិទ្ធិស្របច្បាប់ ដោយបានមានប្រសាសន៍ថា ជាទិដ្ឋភាពជាក់ស្តែង យើងពិតជាលែងបានទៅដល់ ឬលែងបានចូលទីនោះមែន ប៉ុន្តែភាគីម្ខាងទៀតមិនមានកម្មសិទ្ធិស្របច្បាប់ឡើយ ដរាបណាយើងមិនបានចុះហត្ថលេខាប្រគល់ឱ្យគេ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏ពុំដែលមានការចុះហត្ថលេខាកាត់ដីឱ្យទៅអ្នកណាឡើយ។ កម្ពុជាប្រកាន់ជំហរទាមទារតែទឹកដីស្របច្បាប់ដែលមានចែងក្នុងអនុសញ្ញាឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីឧបសម្ព័ន្ធប៉ុណ្ណោះ ដោយកម្ពុជាមិនទៅទាមទារយកខេត្តសុរិន្ទ ឬបុរីរ៉ាំនោះទេ គឺការពារភាពស្របច្បាប់នៃបូរណភាពទឹកដីរបស់កម្ពុជាប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ សម្តេចធិបតី បានរំឭកអំពីប្រវត្តិសាស្ត្រនៃទឹកដីខេត្តបាត់ដំបងផ្ទាល់ ដែលធ្លាប់បានឆ្លងកាត់ការបាត់បង់ការគ្រប់គ្រងជាច្រើនលើកច្រើនសា។ ក្នុងនោះ ចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ ប្រទេសជិតខាងបានចូលមកគ្រប់គ្រងខេត្តបាត់ដំបង និងខេត្តជុំវិញមួយចំនួន ប៉ុន្តែនៅទីបំផុត ទឹកដីនេះត្រូវបានវិលត្រឡប់មកស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាវិញ។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា ភាពមិនស្របច្បាប់លើការគ្រប់គ្រងនេះ គឺកម្ពុជាត្រូវតែបន្តទាមទារតាមផ្លូវច្បាប់ជាដាច់ខាត ហើយទោះបីជាសេដ្ឋកិច្ចជួបការលំបាក បញ្ហាគ្រោះទឹកជំនន់ និងបញ្ហាព្រំដែនកើតឡើងផ្ទួនៗគ្នាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋត្រូវតែរួមគ្នាងើបឈរឡើង ពង្រឹងសមត្ថភាពខ្លួនឯង និងបន្តដំណើរទៅមុខទៀត៕