សម្ដេចធិបតី៖ កម្ពុជា នឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខ UN បន្ថែមទៀត បើសិនជាមានការផ្ទុះអាវុធប្រយុទ្ធគ្នា

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុចា បានបញ្ជាក់ថា កម្ពុជា នឹងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បន្ថែមទៀត បើសិនជាមានការផ្ទុះអាវុធប្រយុទ្ធគ្នា ខណៈពេលនេះ កម្ពុជា កំពុងខិតខំណាស់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងសន្តិភាព ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប កាលព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា មកដល់ពេលនេះ កម្ពុជាមិនទាន់បានពឹងពាក់ប្រទេសណាមួយ ក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនរវាងកម្ពុជា-ថៃ។ លើកលែងបណ្ដឹងទៅតុលាការអន្តរជាតិ តែយ៉ាងណា សម្តេចថា យើងនឹងខិតខំរក្សាទំនាក់ទំនងដោះស្រាយចរចាកិច្ចព្រមព្រៀងដែលមានស្រាប់។ ទន្ទឹមគ្នានេះ សម្តេចថា ប្រសិនបើមានការផ្ទុះអាវុធកម្ពុជា និងប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

បន្ថែមពីនេះ សម្តេចធិបតី ក៏បានថ្លែងដែរថា បញ្ហាព្រំដែនជាមួយថៃនាពេលនេះ មិនមែនបង្កឡើងដោយកម្ពុជានោះឡើយ។ អ្វីដែលកម្ពុជាឆ្លើយតប គឺដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងបូរណភាពទឹកដីតែប៉ុណ្ណោះ។

សូមរម្លឹកដែរថា កាលថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។

យ៉ាងណាមិញ ជុំវិញ វិធានការនៅ ICJ នេះដែរ សម្តេច បានថ្លែងថា ការប្តឹងទៅកាន់ ICJ គឺកម្ពុជា បានត្រៀមលក្ខណៈសម្បត្តិ និងឯកសារគ្រប់គ្រាន់ ប៉ុន្តែការបង្ហាញជាសាធារណៈ គឺត្រូវគោរពតាមនីតិវិធីរបស់ ICJ មិនអាចរំលោភវិធានរបស់គេបានទេ។ សម្តេចបន្តថា បងប្អូនប្រជាពលរដ្ឋខ្លះអន្ទះសាចង់ដឹងពីការប្តឹងរបស់កម្ពុជាទៅ ICJ ប៉ុន្តែយើងមិនអាចបង្ហាញគ្រប់ជំហាននោះទេ ព្រោះនីតិវិធីរបស់តុលាការអន្តរជាតិ មិនមែនជាកន្លែងផ្ញើកង់ទេ៕ អត្ថបទ៖ ​ហ្សាលីន