កម្ពុជា-ជប៉ុន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់បន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន បានរួមគ្នារៀបចំសិក្ខាសាលាស្តីពី ទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ កម្ពុជា-ជប៉ុន លើកទី១៩ (២០២៦) ខួបលើកទី១០ ចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងគីតាគ្យូស៊ុ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់បន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិក្ខាសាលានេះ បានធ្វើឡើងកាល ទី៨ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក MISUMI Takahito ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចកម្ពុជា ព្រមទាំងមានការចូលរួមផងដែរពី លោក SATO Moritaka តំណាងជាន់ខ្ពស់នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ថ្នាក់ដឹកនាំក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីជំនាញជាច្រើនរូបទៀត។

សិក្ខាសាលាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន លើវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់។ បច្ចុប្បន្ននេះ ក៏មានគម្រោងសហប្រតិបត្តិការបច្ចេកទេសដំណាក់កាលទី២ សម្រាប់ពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធលូរបស់រាជធានីភ្នំពេញ និងក្រសួង ឆ្នាំ២០២៤-២០២៧ ព្រមទាំងគម្រោងពង្រឹងសមត្ថភាពប្រតិបត្តិការស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ប្រកបដោយនិរន្តរភាព ឆ្នាំ២០២៥-២០២៨ កំពុងដំណើរការផងដែរ។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានស្វាគមន៍គណៈប្រតិភូ និងមិត្តជប៉ុនទាំងអស់ ដែលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា ដែលបានបន្តគាំទ្រចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

សូមជម្រាបដែរថា តាមរយៈសិក្ខាសាលាខាងលើ កម្ពុជា-ជប៉ុន សង្ឃឹមថា សិក្ខាសាលានេះនឹងបង្កើតបាននូវលទ្ធផលលើសពីការផ្លាស់ប្តូរមតិយោបល់ ដោយអាចឈានទៅរកគម្រោងសាកល្បងថ្មី កិច្ចសហប្រតិបត្តិការបច្ចេកទេស ការបណ្តុះបណ្តាលជំនាញ ការគាំទ្រលើប្រតិបត្តិការ និងថែទាំ ការរៀបចំគំរូហិរញ្ញវត្ថុ កម្រៃសេវា និងភាពជាដៃគូរវាងរដ្ឋនិងឯកជន ដែលអាចអនុវត្តបានជាក់ស្តែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់នៅកម្ពុជាប្រកបដោយចីរភាព៕ អត្ថបទ៖ហ្សាលីន