តំបន់​សេដ្ឋកិច្ច​ពិសេសភ្នំពេញ មាន​រោងចក្រ ៩៥ កន្លែង កំពុង​ដំណើរការ

សង្គម​និង​សេដ្ឋកិច្ច

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) ជា​តំបន់​ដែល​មាន​ការ​វិនិយោគ​ដំបូង​គេ និង​ធំ​ជាងគេ​ ដែល​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ពាំនាំ​សហគ្រាស​ផ្សេងៗ​បង្កើត​រោងចក្រ​ផលិត​ផលិតផល​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បង្កើត​នៅ​អំលុង​ឆ្នាំ​២០០៦ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ផលិត និង​សេវាកម្ម​ចំនួន​ជាង ៩៥ ក្រុមហ៊ុន​មកពី ១២ ប្រទេស ដែល​កំពុង​ដំណើរការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដែល​ផ្តល់​ការងារ​ដល់​បុគ្គលិក​ជាង ៣២ ០០០​នាក់។

ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ការ​វិនិយោគ​ភាគច្រើន​ដោយ​វិនិយោគិន​ក្រៅ​ប្រទេស​មក​បណ្ដាក់ទុន​ដែល​មាន​មក​ពី​ប្រទេស​ជប៉ុន ប្រទេស​ចិន សិង្ហបុរី សហរដ្ឋអាមេរិក ម៉ាឡេស៊ី ហូឡង់ និង​អូស្ត្រាលី ក្នុង​វិស័យ​ផ្សេងៗ​គ្នា ដូចជា គ្រឿង​បន្លាស់​រថយន្ត សំលៀកបំពាក់ អាហារ និង​ភេសជ្ជៈ ផលិតផល​ប្លាស្ទិក ផលិត​ផល​អេឡិចត្រូនិក និង​គ្រឿងអលង្ការ។

​ក្រុមហ៊ុន​ដែល​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​ការលើកលែង​ពន្ធគយ ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​ផ្សេងៗ​ទៀត ក៏​ដូចជា​ទទួល​ការ​គាំទ្រ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ទឹក​ភ្លើង វត្ថុធាតុដើម និង​ធនធាន​ផ្សេងៗ ដែល​ជួយ​បង្កើន​ការប្រកួតប្រជែង​ក្នុង​ការ​នាំចេញ និង​ការ​ធ្វើ​​ពាណិជ្ជកម្ម​អន្តរជាតិ​។

ថ្មីៗ​នេះ​ក្រុមហ៊ុន​អ៊ិនធើ​ឡូជីស្ទីក (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​អ្នក​ឧកញ៉ា​គិត ម៉េង បាន​ទិញ​ភាគហ៊ុន​ចំនួន ៤៥,០៩% នៃ​ភាគហ៊ុន​សរុប​របស់​ក្រុមហ៊ុន​ភ្នំពេញ អេសអឺហ្សិត ភីអិលស៊ី (ភីភីអេសភី) ដែល​ជា​ម្ចាស់​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដើម្បី​បាន​ក្លាយ​ជា​ភាគហ៊ុនិក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ចំនួន​ច្រើន​លើសលប់។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ជា​ប្រធាក្រុមហ៊ុន អិនធើ ឡូជីស្ទីក (ខេមបូឌា) បានមានប្រសាសន៍ថា ការវិនិយោគទិញភាគហ៊ុនមួយនេះ គឺជា​ការ​បោះ​ជំហាន​មួយ​ដ៏មានសារៈសំខាន់​សម្រាប់​ការអភិវឌ្ឍរបស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ 

បើ​តាម​អ្នក​ឧកញ៉ា នៅក្នុងការវិនិយោគនេះទៀតសោត ក្រុមហ៊ុន​នឹងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកគ្រប់គ្រងរបស់ ភីភីអេសភី ដើម្បីនាំមកនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ការគ្រប់គ្រង និង​យុទ្ធសាស្រ្ត​អាជីវកម្ម និង​អ្នកវិនិយោគបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍក្រុមហ៊ុន និងរួមចំណែកក្នុង ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ៕