រាជរដ្ឋាភិបាលកម្ពុជាទាមទារ ៣ ចំណុចឱ្យលោក សម រង្ស៊ី ចេញមុខទទួលខុសត្រូវ បន្ទាប់ពីសារព័ត៌មានថៃចុះផ្សាយថាលោកអះអាងកម្ពុជាបាញ់មុន

សង្គម​ និង​សេដ្ឋកិច្ច

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្ដីថ្លែងការណ៍បដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃ និងបានទាមទារឱ្យលោក សម រង្ស៊ី មេដឹកនាំប្រឆាំង ចេញមុខបញ្ជាក់ការពិតជាសាធារណៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សារព័ត៌មានថៃឈ្មោះ Top News បានចេញផ្សាយកិច្ចសម្ភាសន៍ជាមួយលោក Nantiwat Samart អតីតអនុប្រធានការិយាល័យស៊ើបការណ៍សម្ងាត់ជាតិ និងជាអតីតលេខាធិការរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដោយលោកបានអះអាងថា៖ «កាលពី២-៣ថ្ងៃមុន លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជាបានចេញមកអះអាងថា កងកម្លាំងកម្ពុជាជាភាគីបាញ់ប្រហារថៃមុន ហើយដែលនាំឱ្យថៃតបវិញ»។ ព័ត៌មាននេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមលើកយកមកផ្សាយ និងធ្វើអត្ថាធិប្បាយយ៉ាងច្រើន។

ចំពោះការលើកឡើងនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបដិសេធទាំងស្រុងចំពោះការលើកឡើងខុសការពិតនេះ ហើយបានបញ្ជាក់ជាថ្មីម្ដងទៀតថា គឺភាគីថៃជាអ្នកបាញ់មុន។ បញ្ហានេះត្រូវបាន សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងការពារជាតិ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់ច្បាស់លាស់រួចហើយ។

អាស្រ័យហេតុនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានទាមទារឱ្យលោក សម រង្ស៊ី ចេញមុខបញ្ជាក់ការពិតលើ ៣ ចំណុច រួមមាន៖ ១. ក្នុងករណីដែលលោក សម រង្ស៊ី មិនបាននិយាយដូច្នេះទេ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធជាផ្លូវការចំពោះការផ្សាយព័ត៌មាននេះ។ ២. ប្រសិនបើពិតជាបាននិយាយមែន លោក សម រង្ស៊ី ត្រូវចេញមុខសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈជាចាំបាច់ ពីព្រោះការនិយាយបែបនេះគឺជាអំពើក្បត់ជាតិដ៏ធ្ងន់ធ្ងរមួយ។ ៣. ក្នុងករណីដែលលោក សម រង្ស៊ី មិនចេញមុខបដិសេធជាផ្លូវការនូវអ្វីដែលសារព័ត៌មានថៃបានផ្សាយទេ មានន័យថា លោក សម រង្ស៊ី ពិតជាបាននិយាយដូច្នេះមែន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្ឃឹមថាលោក សម រង្ស៊ី មានសេចក្ដីក្លាហានក្នុងការចេញមុខមកបញ្ជាក់រឿងនេះ ដើម្បីឱ្យសាធារណជនបានជ្រាបជាព័ត៌មាន៕