មហាសេដ្ឋី​ Elon Musk ថាអ៊ុយក្រែនគួរដល់ពេលដែលត្រូវស្វែងរកមេដឹកនាំថ្មីហើយ

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានបង្ហាញការយល់ស្របជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានលើកឡើងកាលពីពេលថ្មីៗនេះថា លោក Volodymyr Zelensky បានធ្វើរឿងជ្រុលហួសហេតុជាច្រើន ហើយដល់ពេលដែលប្រទេសអ៊ុយក្រែនត្រូវមានប្រធានាធិបតីថ្មីហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TASS។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១១ ខែតុលា គេហទំព័រព័ត៌មានហិរញ្ញវត្ថុអាមេរិក Zero Hedge បានចែករំលែកនៅលើបណ្តាញសង្គម X នូវសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលនិយាយថា វាដល់ពេលហើយដែលអ៊ុយក្រែនត្រូវមានថ្នាក់ដឹកនាំថ្មី ដោយចោទប្រកាន់លោក Zelensky ថា បានបដិសេធមិនព្រមឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដែលធ្វើឱ្យវិបត្តិខ្វះខាតប្រេងឥន្ធនៈជាសកលកាន់តែធ្ងន់ធ្ងរឡើង។

ជាមួយគ្នានោះ លោក Musk ដែលជាសម្ព័ន្ធមិត្តរបស់លោក ត្រាំ ក៏បានចូលទៅបញ្ចេញមតិ (Comment) នៅក្រោមការផ្សាយនោះថា៖”ខ្ញុំយល់ស្រប។ ដល់ពេលដែលអ៊ុយក្រែនគួរតែមានថ្នាក់ដឹកនាំថ្មីហើយ”។ យ៉ាងណាមិញ ជុំវិញការបញ្ចេញមតិយោបល់របស់មហាសេដ្ឋីកំពូលរូបនេះ បច្ចុប្បន្នទទួលបានការចុច Like ចំនួន ៦៤ ០០០ និងការចូលមើល (Views) រហូតដល់ ៣,១ លានដងឯណោះ។

គួរជម្រាបជូនថា នៅមួយថ្ងៃមុននោះ លោក Musk ក៏បានចូលទៅបញ្ចេញមតិផងដែរថា លោក Zelensky បានធ្វើរឿងជ្រុលហួសហេតុពេកហើយ នៅក្រោមការផុសរបស់ Rapid Response 47 ដែលជាគណនីប្រព័ន្ធផ្សព្វផ្សាយរបស់សេតវិមាននៅលើបណ្តាញសង្គម ទាក់ទងនឹងការអធិប្បាយរបស់លោក ត្រាំ ចំពោះប្រធានាធិបតីអ៊ុយក្រែនរូបនេះ៕​