ទំហំពាណិជ្ជកម្មអាស៊ាន-ចិន កើនឡើងដល់ជិត ៦០០ពាន់លានដុល្លារ ត្រឹម ៧ខែដំបូង

អន្តរជាតិ

ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងប្រទេសចិន បានឈានដល់ ៥៩៧ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ពោលគឺបានកើនឡើង ៨,២% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Yang Dong បាននិយាយថា ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាន សម្រាប់រយៈពេល ១៦ឆ្នាំជាប់ៗគ្នាមកហើយ ខណៈពេលដែលអាស៊ាន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន ក្នុងរយៈពេល ៥ឆ្នាំជាប់ៗគ្នា។

គួរឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីរវាងចិន ជាមួយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និងសិង្ហបុរី ដោយប្រទេសនីមួយៗ មានចំនួនលើសពី ១០០ពាន់លានដុល្លារ។ ជាពិសេស ពាណិជ្ជកម្មជាមួយវៀតណាម និងម៉ាឡេស៊ី បានកើនឡើងលើសពី ២០០ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Yang Dong បានសង្កត់ធ្ងន់ទៀតថា ជុំវិញការកើនឡើងនេះ បានបញ្ជាក់យ៉ាងច្បាស់ អំពីភាពរីកចម្រើនឥតឈប់ឈរ នៅក្នុងកិច្ចសហប្រតិបត្តិការ និងការកើនឡើងនូវអត្ថប្រយោជន៍ស្ថាប័ននៃការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ វិសាលភាពនៃសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន-ចិន ដែលត្រូវបានពង្រីកជាបន្តបន្ទាប់៕​