កម្ពុជា បានបង្ហាញជំហរយ៉ាងមុតមាំក្នុងការជំរុញភាពធន់ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ជាមួយសហគមន៍អន្តរជាតិ ក្នុងវេទិកា AI សម្រាប់សកម្មភាពអាកាសធាតុឆ្នាំ ២០២៦។ជំហរនេះ បានធ្វើឡើងនៅក្នុងវេទិកា «បញ្ញាសប្បនិម្មិតសម្រាប់ការប្រែប្រួលអាកាសធាតុឆ្នាំ២០២៦» (Artificial Intelligence for Climate Action Forum 2026) ក្រោមអធិបតីភាពរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីសមាជិកនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុទទួលបន្ទុកផ្នែកបច្ចេកវិទ្យា (UNFCCC TEC) លោកស្រីតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាង KOICA ប្រចាំកម្ពុជា ព្រមទាំងអ្នកជំនាញការបច្ចេកវិទ្យា វិទ្យាសាស្ត្រអាកាសធាតុ និងប្រតិភូជាតិ-អន្តរជាតិប្រមាណ ២០០នាក់ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

នាឱកាសនោះ លោក អ៊ាង សុផល្លែត បានថ្លែងថា កម្ពុជា បានប្រកាសបង្ហាញ ជំហរយ៉ាងមុតមាំក្នុងចូលរួមកាត់បន្ថយការបញ្ជេញឧស្ម័ន្នផ្ទះកញ្ជក់ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈការធ្វើទំនើបកម្មបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិឱ្យមកនៅកម្រិតទាបបំផុត។ លោក បន្ថែមគន្លឹះសំខាន់ៗមួយចំនួន ដែលបណ្តាលោក អំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបង្កើនការផ្ទេរបច្ចេកវិទ្យា AI ព្រោះការប្រើប្រាស់បច្ចេកវិទ្យាថ្មីជាពិសេស AI នឹងជួយដល់សុក្រឹតកម្មបរិស្ថានកិច្ចនៅកម្ពុជា ដែលបាននិងកំពុងរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ឱ្យស្ថិតក្នុងកម្រិតទាបបំផុត ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងអព្យាក្រឹតកាបូន។

ជាមួយគ្នានេះ លោកស្រី Vladanka Andreeva បានលើកឡើងថា វេទិកាដែលបានរៀបចំឡើងនៅកម្ពុជា បាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាមិនត្រឹមតែជាប្រទេស ដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ប៉ុន្តែបានដើរតួនាទីយ៉ាងសកម្ម ក្នុងការនាំយកដំណោះស្រាយបច្ចេកវិទ្យាទំនើប មកដោះស្រាយវិបត្តិសកលកាប្រែប្រួលអាកាសធាតុ ដើម្បីជួយដល់ភពផែនដី។
សូមបញ្ចាក់ថា វេទិកាបញ្ញាសប្បនិម្មិតសម្រាប់ការប្រែប្រួលអាកាសធាតុឆ្នាំ២០២៦ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីជំហរមុតមាំរួមគ្នារបស់កម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែនកោះនានា ជាមួយសហគមន៍អន្តរជាតិ ក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យមកនៅកម្រិតទាបបំផុត ព្រមទាំងដើរតួជាស្ពានចម្លងបច្ចេកវិទ្យា AI ទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕ អត្ថបទ៖ហ្សាលីន

