ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការបើកទីផ្សារនាំចេញអង្ករកម្ពុជាទៅប្រទេសហ្វីលីពីនបានធ្វើឱ្យតម្លៃស្រូវក្នុងស្រុកកើនឡើងខ្ពស់ ជួយឱ្យប្រជាកសិករទទួលបានប្រាក់ចំណេញលើកកម្ពស់ជីវភាពគ្រួសារ។ នេះបើយោងតាមកិច្ចប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម ដឹកនាំដោយលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

លោក គង់ ច័ន្ទវាសនា បានឱ្យដឹងថា កិច្ចប្រជុំនេះគឺ ដើម្បីតាមដាន និងវាយតម្លៃស្ថានភាពផលិតកម្ម និងតម្លៃកសិផលសំខាន់ៗបម្រើឱ្យសន្តិសុខស្បៀងក្នុងប្រទេស ជួយគាំទ្រដល់ប្រជាកសិករអ្នកផលិតផង និងប្រជាពលរដ្ឋជាអ្នកទទួលទានទូទាំងប្រទេសផង។

លោកបានសង្កត់ធ្ងន់ថា ការបើកទីផ្សារនាំចេញអង្ករកម្ពុជាទៅប្រទេសហ្វីលីពីន កាលពីខែកុម្ភៈឆ្នាំ២០២៦ បានជំរុញឱ្យមានកំណើនតម្រូវការស្រូវសម្រាប់កិនជាអង្ករនាំចេញ និងធ្វើឱ្យតម្លៃស្រូវក្នុងស្រុកកើនឡើងខ្ពស់ ជួយឱ្យប្រជាកសិករទទួលបានប្រាក់ចំណេញលើកកម្ពស់ជីវភាពគ្រួសារ។ លោក បានណែនាំឱ្យមានការបន្តតាមដានតម្លៃកសិផលសំខាន់ៗ និងត្រៀមស្នើសុំអន្តរាគមន៍ក្នុងករណីចាំបាច់ ដើម្បីរក្សាលំនឹងថ្លៃកសិផលជួយគាំទ្រដល់ប្រជាកសិករអ្នកផលិត និងទប់ស្កាត់អតិផរណាដែលជះផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដែលជាអ្នកទទួលទាន។
តាមរយៈអង្គប្រជុំនេះ ក៏បានវាយតម្លៃដែរថា ស្រូវរដូវវស្សាដែលនឹងត្រូវប្រមូលផលចាប់ពីពាក់កណ្តាលខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២៦នេះ នឹងរក្សាបាននូវតម្លៃល្អ ហើយប្រជាកសិករនឹងបន្តទទួលបានប្រាក់ចំណេញ ខណ:ដែលតម្លៃអង្ករនឹងមានស្ថេរភាពល្អ។

សូមជម្រាបដែរថា ទិន្នន័យសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលថ្មីៗនេះបានបង្ហាញថា ការនាំចេញអង្ករកម្ពុជាទៅហ្វីលីពីនបានកើនពីត្រឹម ១,៦២០តោនក្នុងខែមករា ដល់ ៣៥,៤៥០តោនក្នុងខែកញ្ញា ។ ក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២៦ ទីផ្សារនេះទិញអង្ករកម្ពុជាសរុប ១៥៧,៥៥២តោន ស្ទើរតែស្មើនឹងវៀតណាមដែលទិញ ១៥៩,៩៤៦តោនក្នុងរយៈពេលដូចគ្នា៕ អត្ថបទ៖ហ្សាលីន

