ចាប់ពីឆ្នាំ១៩៩៣ អាល្លឺម៉ង់បានគាំទ្រការបោសសម្អាតមីនលើផ្ទៃដីជាង ៥៣ គីឡូម៉ែត្រការ៉េ និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់

សង្គម​ និង​សេដ្ឋកិច្ច

កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ លោកស្រី ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ក្នុងឱកាសដែលលោកស្រីចាប់ផ្តើមបេសកកម្មការទូតថ្មី។ ជំនួប​នេះ​ ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីនមនុស្សធម៌ និងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះ លោក លី ធុជ បានស្វាគមន៍លោកស្រីឯកអគ្គរដ្ឋទូត និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣។ លោកបានចាត់ទុកអាល្លឺម៉ង់ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងយូរអង្វែង ដែលបានរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងបង្កើនសុវត្ថិភាព និងឱកាសអភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

លោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៣ ការគាំទ្ររបស់អាល្លឺម៉ង់បានរួមចំណែកដល់ការបោសសម្អាតផ្ទៃដីជាង ៥៨ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត ដោយបានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន ៣១.៧៨៣ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៤២៧ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៧៣.៣៤៩ គ្រាប់ និង​មានប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់ ទទួលបានផលប្រយោជន៍។

លោកបានបញ្ជាក់ថា ការគាំទ្ររបស់អាល្លឺម៉ង់មិនត្រឹមតែបានរួមចំណែកដល់សមិទ្ធផលជាប្រវត្តិសាស្ត្រនៃវិស័យសកម្មភាពមីននៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមកសាងអនាគតប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកស្រី ស៊ីលឃ័រ រើហ៊្វ័រ បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា និងការរស់នៅប្រកបដោយសុវត្ថិភាពរបស់ប្រជាពលរដ្ឋលើផ្ទៃដីដែលបានបោសសម្អាតរួច។ លោកស្រីក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តមនុស្សធម៌របស់អាល្លឺម៉ង់ក្នុងការគាំទ្រវិស័យសកម្មភាពមីន និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះកម្មវិធីអប់រំផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះដល់សហគមន៍ ដែលជាវិធានការដ៏សំខាន់ក្នុងការបង្ការគ្រោះថ្នាក់ និងការពារអាយុជីវិតប្រជាពលរដ្ឋ បន្ថែមលើការងារបោសសម្អាត។