ផ្លូវការហើយ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបើកដំណើរការថ្ងៃទី១៦ តុលា តទៅ

សង្គម​និង​សេដ្ឋកិច្ច

អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលមានចំងាយប្រមាណជា៤០គីឡូងម៉ែត្រពីទីក្រុងសៀមរាប និងប្រាសាទអង្គរ នឹងចាប់ផ្តើមដំណើការជាផ្លូវចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ តទៅ។នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលផ្សាយចេញនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ​បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor Internatioral Airport) គ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ តទៅ។

បន្ថែមពីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសទៀតថា គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីម៉ោង ០០៖០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះដែរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខ តុលា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ ហេតុនេះ តាមរយៈសេចក្តីជូនដំណឹងនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏សូមឱ្យប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងសាធារណជនទាំងអស់ ជា្រប់ជាព័ត៌មាន និងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជិត១ពាន់លានដុល្លារ។

អាកាសយានដ្ឋានអន្តរជាតិនេះ បាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះមិនធ្វើឱ្យប៉ះពាល់ ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨។

នៅពេលដាក់ឱ្យដំណើរ ដែលគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋាននេះអាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕

អត្ថបទ៖ ពិសី