លោក កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានប្រកាសច្រានចោលទាំងស្រុងចំពោះសេចក្តីថ្លែងការណ៍របស់ឯកអគ្គរាជទូត Benjamin Sukanjanajtee តំណាងអចិន្ត្រៃយ៍ថៃ ដោយបានគូសបញ្ជាក់ថា ការលើកឡើងនោះធ្វើឡើងដោយគ្មានមូលដ្ឋាន ក្នុងន័យបំភ្លៃស្ថានការណ៍ជាក់ស្តែងនៅលើដី និងហាក់ដូចជាមានបំណងបំភ័ន្តបណ្តារដ្ឋសមាជិក។

ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅក្នុងសម័យប្រជុំលើកទី៧៧ នៃគណៈកម្មាធិការប្រតិបត្តិនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។
ក្នុងឱកាសនោះ លោក កែ សុវណ្ណ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនបានចាប់ផ្តើមជម្លោះ ហើយក៏មិនបានបង្កើនអរិភាពនោះឡើយ។ មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ បានលាតត្រដាងការពិតថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើទីតាំងយោធាកម្ពុជា ដែលបណ្ដាលឱ្យទាហានកម្ពុជាមួយរូបបានពលីជីវិត ហើយព្រឹត្តិការណ៍នោះហើយដែលជាដើមចមធ្វើឱ្យភាពតានតឹងបានកើនឡើងជាបន្តបន្ទាប់។
ទន្ទឹមនឹងនេះ តំណាងអចិន្ត្រៃយ៍កម្ពុជា ក៏បានលើកឡើងពីបញ្ហាជនភៀសសឹកកម្ពុជា ដែលបច្ចុប្បន្នត្រូវបានបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងដែនដីកម្ពុជា ដោយសារតែរងផលប៉ះពាល់ពីជម្លោះព្រំដែនរវាងប្រទេសទាំងពីរនាពេលថ្មីៗក្នុងឆ្នាំ២០២៥ ជាពិសេសគឺបណ្តាលមកពីការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ៕




