កម្ពុជា និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្ដែងលើវិស័យសំខាន់ៗជាច្រើន

សង្គម​ និង​សេដ្ឋកិច្ច

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Sadyr Japarov ប្រធានាធិបតី នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ដោយបានគូសបញ្ជាក់ថា ជំនួបនេះគឺជាឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ និងជាក់ស្តែង សំដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយចំពោះជំនួបនេះ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកន្លងមក។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាសំដៅជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ, ការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ, ការអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើជំនាញបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា និងវិស័យទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។

បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់អំពីការជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ រួមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងដំណើរទស្សនកិច្ចផ្លូវការរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តទាំងនេះឱ្យទៅជាកិច្ចសហប្រតិបត្តិការជាក់ស្ដែង សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ៕