គណៈប្រតិភូកម្ពុជា ចូលរួមពិធីបិទផែនការប្រតិបត្តិការគម្រោងមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ (SMCC) នៅទីក្រុងហាណូយ ប្រទេសវៀតណាម

សង្គម​ និង​សេដ្ឋកិច្ច


កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជាចូលរួមពិធីបិទផែនការប្រតិបត្តិការគម្រោងមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ (Safe Mekong Coordination Center – SMCC) ដែលប្រទេសវៀតណាមជាម្ចាស់ផ្ទះ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានការចូលរួមពីតំណាងស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀននៃបណ្តាប្រទេសជាសមាជិក សរុបចំនួន ៦ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់បញ្ជូនមន្ត្រីចំនួន ២ រូប ក្នុងនោះមាន មួយរូបមកពីនាយកដ្ឋានអនុវត្តច្បាប់ និងមួយរូបមកពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យចូលរួមប្រចាំការនៅទីក្រុងហាណូយ ក្នុងប្រតិបត្តិការក្រោមគម្រោង SMCC នេះ។

ពិធីបិទនេះមានការពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តសកម្មភាពក្រោមក្របខ័ណ្ឌ SMCC ការចែករំលែកព័ត៌មាន និងបទពិសោធន៍ពាក់ព័ន្ធនឹងស្ថានភាពគ្រឿងញៀន ព្រមទាំងពិភាក្សាអំពីទិសដៅ និងផែនការសកម្មភាពសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៧ និងដំណាក់កាលបន្ទាប់។

ការចូលរួមអនុវត្ត និងការចាត់បញ្ជូនមន្ត្រីឱ្យចូលរួមប្រចាំការក្នុងក្របខ័ណ្ឌគម្រោងនេះ បានបង្ហាញពីការបន្តយកចិត្តទុកដាក់របស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន តាមរយៈការសម្របសម្រួលប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មាន និងការពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ សំដៅរួមចំណែកក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពក្នុងតំបន់ទន្លេមេគង្គ។