ព្រឹត្តិការណ៍ការទូត និងយោធាជាប្រវត្តិសាស្ត្រមួយបានលេចរូបរាងឡើង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ ដោយថ្នាក់ដឹកនាំកំពូលទាំងពីរបានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌយោធា» រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កាលពីរសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ នាទឹកដីនៃសាធារណរដ្ឋតួកគីយ៉េ។

កិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌយោធាថ្មីនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងតួកគីយ៉េ ដោយផ្តោតសំខាន់ទៅលើ៖ការផ្លាស់ប្តូរទស្សនកិច្ច , ការបណ្តុះបណ្តាល , ការស្វែងយល់ពីលទ្ធភាព។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀតផងដែរ។ ដំណើរទស្សនកិច្ចផ្លូវការ និងការចុះហត្ថលេខាលើឯកសារយោធានាពេលនេះ គឺជាជំហានដើរដ៏មានយុទ្ធសាស្ត្រមួយរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ និងការពង្រឹងសមត្ថភាពការពារជាតិ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង៕




